ឮល្ហៀងៗ Blackpink គ្រោងនឹងផ្លាស់ប្ដូរទ្រនំ ក្រោយចប់កុងត្រាជាមួយផលិតកម្ម YG
អាចថាចុងឆ្នាំ ២០២២ នេះ ជាពេលវេលាដ៏សែនពិបាកធ្វើចិត្តសម្រាប់អ្នកគាំទ្រវិស័យ K-Pop ជាពិសេសគឺអ្នកគាំទ្រសិល្បករដែលស្ថិតក្រោមទ្រនំរបស់ផលិតកម្ម YG ដោយគ្រាន់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមចម្រៀង រួមទាំងសមាជិកជាច្រើន បានសម្រេចមិនបន្តកុងត្រាជាមួយនឹងផលិតកម្មទៀតឡើយ។
យ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ នេះ យោងតាមគណនី Twitter មួយមានឈ្មោះ KpopHerald បានចែករំលែកមកថា BLACKPINK នឹងចាកចេញពីផលិតកម្ម YG ហើយផ្លាស់ប្តូរទ្រនំ និង ការគ្រប់គ្រងរបស់ពួកគេទៅក្នុង THE BLACK LABEL ដែល BLACK LABEL នេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រោមផលិត YG ។
ទោះជាយ៉ាងនេះក្ដី ប្រភពមួយក្នុងផលិតកម្ម YG បានប្រាប់ទៅកាន់ KpopHerald ថា ពួកគេមិនទាន់អាចបញ្ជាក់ព័ត៌មាននេះជាផ្លូវការបានទេ ដោយសារតែកុងត្រារបស់សមាជិកក្រុម BLACKPINK នៅតែមានសុពលភាពនៅឡើយ។
ដោយពួកគេបានលើកឡើងថា ៖ «ពួកយើងមិននៅក្នុងជំហរដើម្បីបញ្ជាក់ព័ត៌មាននេះទេ ប៉ុន្តែកុងត្រារបស់ YG ជាមួយនឹងសមាជិកមិនទាន់ចប់នៅឡើយទេ។ វាពិបាកក្នុងការបញ្ជាក់ថា តើពួកគេនឹងចុះហត្ថលេខាជាមួយ The Black Label ឬ អត់ បន្ទាប់ពីកិច្ចសន្យារបស់ពួកគេជាមួយនឹង YG បានបញ្ចប់»៕