ក្រោយពីដំណើរការប្រកួតប្រជែងអស់រយៈពេលជាងកន្លះខែ មកដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe 2025 លើកទី ៧៤ បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ និង បានរកឃើញម្ចាស់រាជិនីគ្រងមកុដថ្មីនៃ Miss Universe 2025 ហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក នាង Fátima Bosch។


យ៉ាងណាមិញ បើងាកទៅមើលដំណើរការនៃកម្មវិធីប្រកួត Miss Universe 2025 លើកទី ៧៤ នេះ ទម្រាំតែឈានមកដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ និង បញ្ចប់ដោយរលូននេះដែរ ឃើញថាក្នុងអំឡុងពេលរៀបចំការប្រកួតកន្លងមក កម្មវិធី Miss Universe ឆ្នាំនេះ បានជួបនឹងរឿងរ៉ាវមិនប្រក្រតីជាច្រើនដែលមិនធ្លាប់មានពីមុនមក ធ្វើឱ្យមហាជនលើបណ្ដាញសង្គមទូទាំងពិភពលោកផ្ទុះវែកញែកមិនតិចឡើយពីមួយវគ្គទៅមួយវគ្ក។


ជុំវិញរឿងរ៉ាវមិនប្រក្រតី ៧ ចំណុចខាងក្រោមនេះ ត្រូវបានមហាជនលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ចែករំលែកវែកញែកខ្លាំងក្នុងអំឡុងពេលប្រកួត MU 2025 កន្លងមក៖
១- ភាពចម្រូងចម្រាសរវាងស្ថាប័ន MUO និង ម្ចាស់ស្ថាប័ន MUT តាណាវ៉ាត់: កើតឡើងអំឡុងពេលបវរកញ្ញាចូលកងប្រកួតដំបូងៗ ដោយខាងផេក MUT បានបង្ហោះពីការ Vote នៃកម្មវិធីជួបជុំញ៉ាំអាហារពេលល្ងាច និង ការជជែកលេង ប៉ុន្តែត្រូវបានខាង MUO ចេញលិខិតប្រកាសបដិសេធមិនអនុញ្ញាតឱ្យមានការរៀបចំធ្វើកម្មវិធីនេះឡើយ។

២- រឿងរ៉ាវចម្រូងចម្រាសរវាង ណាវ៉ាត់ និង បេក្ខភាពបវរកញ្ញាម៉ិកស៊ិក: កើតឡើងក្នុងកម្មវិធីជួបជុំបវរកញ្ញានៃប្រទេសនីមួយៗ ដែល ណាវ៉ាត់ បានស្តីបន្ទោសបវរកញ្ញាម៉ិកស៊ិក នៅចំពោះមុខបវរកញ្ញាផ្សេងទៀត ថាបវរកញ្ញាម៉ិកស៊ិក មិនបានផ្សព្វផ្សាយពីប្រទេសថៃឱ្យបានទូលំទូលាយ ខណៈនោះបវរកញ្ញាម៉ិកស៊ិក ក៏បានដើរចេញពីកម្មវិធីភ្លាមៗ។ ពេលនោះ ណាវ៉ាត់ ក៏បានដើរទៅរារាំងបវរកញ្ញា ម៉ិកស៊ិក មិនឱ្យចាកចេញ ហើយស្រែកតាមមេក្រូដាក់បវរកញ្ញាទាំងអស់ឱ្យឈប់ និង ត្រឡប់ទៅអង្គុយវិញ ប្រសិនបើចង់នៅបន្តប្រកួត។


៣- បវរកញ្ញាកម្ពុជារងការវាយប្រហារពីប្រជាជនថៃ: កើតឡើងក្នុងអំឡុងពេលប្រកួតកន្លងមក ដោយបវរកញ្ញា ហ្វីយ៉ាតា ត្រូវបានជនជាតិថៃ ២ រូប ប្រើពាក្យសម្ដីចង្អកឡកឡាយក្នុងន័យមើលងាយលើនាងម្ដងហើយម្ដងទៀត ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងខ្លាំង ខណៈបវរកញ្ញាប្រទេសដទៃក៏បានដឹងឮ និង ជួយលើកទឹកចិត្ត ព្រមទាំងខាងកម្មវិធីអន្តរជាតិក៏បានប្រកាសជួយដោះស្រាយការពារបវរកញ្ញាកម្ពុជាដែរ។


៤- ការធ្វើការមិនចូលគ្នារវាងក្រុមការងារម្ចាស់ផ្ទះ និង ក្រុមការងារម៉ិកស៊ិកម្ចាស់កម្មវិធី: ក្នុងដំណើរការប្រកួតកន្លងទៅ ធ្លាប់ឃើញផ្ទុះរឿងរ៉ាវពាក់ព័ន្ធនឹងការរៀបចំកម្មវិធីជាច្រើនដង ជាក់ស្ដែងជុំវិញរឿងរ៉ាវ ណាវ៉ាត់ ហៅប៉ូលិសទៅដេញខាងក្រុមការងារម៉ិកស៊ិកពេលឱ្យបវរកញ្ញាផ្សព្វផ្សាយពី Banner មួយ ដែលពេលនោះ ក្រុមការងារម៉ិកស៊ិក ៣ នាក់ក៏ត្រូវបានបញ្ជូនទៅប្រទេសវិញ។


៥- មានព័ត៌មានពីការស៊ីសំណូក ការ Lock មកុដ: លើបណ្ដាញសង្គមមានការចែករំលែកវែកញែកច្រើន ក្រោយលេចឮពាក្យចចាមរ៉ាមថាមានការស៊ីសំណូក ដែលខាងម្ចាស់កម្មវិធីបានកំណត់ជ្រើសរើសម្ចាស់មកុដទុកមុនរួចទៅហើយ។

៦- បវរកញ្ញា Jamaica ដើរធ្លាក់ឆាក: បានកើតក្នុងថ្ងៃប្រកួតវគ្គបឋម នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ខណៈកំពុងប្រកួតស្រាប់តែមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយបវរកញ្ញាតំណាងឱ្យប្រទេស Jamaica គឺនាង Gabrielle Henry បានដើរធ្លាក់ពីលើឆាកមួយជំហរខ្លួន បណ្តាលឱ្យរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្រ្គោះភ្លាមៗ។


៧- ការប្រកាសដកខ្លួនរបស់គណៈកម្មការមុនថ្ងៃផ្តាច់ព្រ័ត្រ: ប៉ុន្មានថ្ងៃមុនកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Universe 2025 នេះ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក៏មានគណៈកម្មការចំនួន ២ រូប បានប្រកាសដើរចេញភ្លាមៗ ដោយមូលហេតុខាងគណៈកម្មការម្នាក់អះអាងថា បេក្ខភាពជាប់ Top 30 គឺត្រូវបានគេជ្រើសរើសមុនរួចទៅហើយដោយគណៈកម្មការមិនផ្លូវការ៕

