មួយរយៈក្រោយនេះ ក្រោយពីមានការប៉ះទង្គិចរវាងកម្ពុជា-ថៃ ប្រជាជនថៃជាច្រើនបាននាំគ្នាផ្អើលភ័យខ្លាច ចោទថាកម្ពុជាមិនត្រឹមតែលេងផ្លូវក្រៅនោះទេ តែថែមទាំងលេងផ្លូវក្នុងទៀត ដោយមានក្រសួងមន្តអាគមនៅពីក្រោយ។
ប្រជាជនថៃមួយចំនួនបានចោទកម្ពុជាបែបនេះ ក្រោយពីឃើញមានឃ្លីបវីដេអូរបស់គ្រូមន្តអាគមន៍ខ្មែរដែលបាននាំគ្នាធ្វើពិធីដាក់មេទ័ពភូមិភាគ ២ នៅលើភ្នំគូលែន។ ប្រជាជននេះ បានយកលេសនេះមកចោទកម្ពុជាថា លួចលាក់មានក្រសួងមន្តអាគម មកលេងខាងផ្លូវក្នុង ធ្វើអំពើដាក់លើមេទ័ព និង ទាហានថៃ ដែលនេះគឺជាទង្វើដែលមិនអាចទទួលយកបាន។ លើសពីនេះទៀត គ្រូអាគមខាងប្រទេសថៃមួយចំនួន បានចេញមកអួតថាបានធ្វើពិធីបណ្តេញអំពើមកកម្ពុជាវិញទៀតផង។
យ៉ាងណាមិញ ការចោទប្រកាន់មួយនេះ បានធ្វើឱ្យមហាជនខ្មែរនៅតាមបណ្តាញសង្គមហួសចិត្តអស់សំណើចជាខ្លាំង ដោយមិននឹកស្មានថាភាគីថៃពូកែរកនឹកយ៉ាងនេះឡើយ ដល់ស្រមើស្រមៃចេញក្រសួងមន្តអាគម និង ការលេងផ្លូវក្នុងទៅលើទាហានទៀត៕