ក្រោយពីមានការបែកធ្លាយសារសំឡេងជាមួយនឹងសម្តេច ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្រ្តី Paethongtarn Shinawat មិនបានលាចេញពីតំណែងឡើយ តែបានចេញមុខសុំទោសប្រជាជនថៃ ហើយសន្យាថានឹងរួមដៃគ្នាជាមួយនឹងយោធាដើម្បីរក្សាការពារសន្តិសុខជាតិ។
ជាក់ស្តែងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោកស្រី Paethongtarn បានធ្វើដំណើរទៅកាន់ខេត្តឧប៊ុនថានីតាមរយៈយន្តហោះ ដើម្បីទៅសំណេះសំណាលជាមួយនឹងក្រុមយោធា។ ក្នុងនោះដែរ គេឃើញ Boonsin Padklang ដែលជាមេទ័ពភូមិភាគ ២ រួមទាំងកូនចៅ បានចេញមកទទួលលោកស្រី Paethongtarn ហើយលោកស្រីក៏ញញឹមរាក់ទាក់ហាក់ដូចជាគ្មានអ្វីកើតឡើងសោះ។
គួរឱ្យដឹងដែរថា នៅក្នុងសារសំឡេង លោកស្រី Paethongtarn បានឱ្យដឹងថា លោកស្រីជាបក្សពួកផ្សេងគ្នាពី Boonsin Padklang ហើយខណៈសារសំឡេងបានបែកធ្លាយចេញទៅ លោកស្រីក៏បានខលទៅនិយាយសុំទោស Boonsin Padklang ភ្លាមៗផងដែរ ចំណែកឯ Boonsin ក៏ប្រាប់ថាខ្លួនមិនខឹងអ្វីនឹងលោកស្រីនោះទេ ខ្លួននៅតែប្រតិបត្តិតាមតួនាទីរបស់ខ្លួនដដែល៕
ប្រភព៖ Khaosod