នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដាក់ គិតចាប់ពីវេលាម៉ោង ៦ និង ១៥ នាទី ព្រឹក រហូតដល់ម៉ោង ៩ ព្រឹក សភាពការណ៍ជួរមុខ ទិសព្រះវិហារ ឧត្តរមានជ័យស្ងប់ស្ងាត់ ចំពោះកងកម្លាំងរបស់កម្ពុជាស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និង អនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់។

ដោយឡែក លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកបញ្ជាក់បន្ថែមកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។

ក្នុងនោះ កម្ពុជាសូមវអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសដៃគូប្រទេស ដែលខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់មួយនេះ និង សុទ្ធតែមានគោលបំណងចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និង ប្រកបដោយប្រសិទ្ធភាព។ ក្រសួងការពារជាតិ សូមជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យ ព្រះរាជាណាចក្រថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់ទង្វើអរិយភាពទាំងឡាយ ដោយរុះរើបន្លាលួស និង ដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយជនជាតិថៃមិនអាចយកលេសណាមួយមកបំភ្លៃការពិតមួយនេះបានឡើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖
