កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីលិចទូកមួយគ្រឿងនៅកណ្តាលសមុទ្រផាត់ថាយ៉ា ដែលបណ្តាលឱ្យអ្នកដំណើរអណ្តែតពេញផ្ទៃសមុទ្រជាង ៧ ម៉ោង ទម្រាំតែមានអ្នកទៅជួយបាន។

តាមព័ត៌មានបានឱ្យដឹងថា ទូកខាងលើនេះ ជាទូកនេសាទដែលត្រូវមនុស្សមួយក្រុមមានគ្នាប្រមាណ ១២ នាក់ ជួលធ្វើដំណើរទៅស្ទូចត្រីកម្សាន្តនៅឯកោះ Phai និង កោះ Maravichai។ ទូកនេះបានធ្វើដំណើរចេញពីផែនៅផាត់ថាយ៉ាតាំងពីព្រលឹមថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ តែចៃដន្យអីមិនទាន់ដល់ផង នៅម៉ោង ៩ ព្រឹកនោះ ស្រាប់តែត្រូវរលកបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យទឹកចូលក្នុងទូក។ ក្នុងនោះ ម៉ាស៊ីនបូមទឹកក៏បានខូចទៀត ដែលធ្វើឱ្យបូមទឹកមិនទាន់ ទើបទូកក៏បានលិចទៅព្រមជាមួយនឹងអ្នកដំណើរទាំងអស់តែម្តង។

យ៉ាងណាមិញ អ្នកដំណើរទាំងអស់បានអណ្តែតពេញសមុទ្រ ហើយអ្នកដែលចេះហែលទឹកក៏បានហែលរកកោះ រីឯអ្នកមិនចេះហែលក៏នៅបណ្តែតខ្លួនតាំងពីព្រឹករហូតដល់ល្ងាចម៉ោង ៥ ទើបខាងអាជ្ញាធរបានទទួលដំណឹង និងចុះទៅសង្រ្គោះ។ ចុងក្រោយអាជ្ញាធរបានជួយសង្រ្គោះអ្នកដំណើរទាំងអស់បានសម្រេច ហើយក៏កំពុងស៊ើបអង្កេតមូលហេតុនៃការលិចនេះយ៉ាងលម្អិតទៀតផងដែរ៕

ប្រភព៖ Khaosod