ផ្អើលអ្នកសិល្បៈ! Hwang Jung Eum ប្រកាសសុំលែងលះប្តី ក្រោយធ្លាប់ផ្សះផ្សាគ្នាម្តងហើយ
ថ្មីៗនេះ សម្រាប់ព័ត៌មាននៅក្នុងវិស័យកម្សាន្តរបស់កូរ៉េ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតារាសម្ដែងស្រី Hwang Jung Eum សម្រេចចិត្តប្រកាសជាសាធារណៈពីការលែងលះប្តីជាអ្នកជំនួញ និង ជាអតីតកីឡាករវាយកូនហ្គោលគឺ លោក Lee Young Don។
បើតាមការឱ្យដឹងបន្ថែម កន្លងមករឿងរ៉ាវបញ្ហារបស់តារាស្រីរូបនេះ ធ្លាប់បានចុះផ្សាយលើសារព័ត៌មានម្ដងហើយ បន្ទាប់ពី Hwang Jung Eum បានដាក់ពាក្យសុំលែងលះកាលពីឆ្នាំ ២០២០ ប៉ុន្តែនៅពេលនោះ គូស្នេហ៍មួយគូនេះបានសម្របសម្រួលគ្នាវិញ ហើយយល់ពីគ្នារហូតដល់ពួកគេដកពាក្យស្នើសុំលែងលះវិញ។
ទោះជាយ៉ាងណា មកដល់ឆ្នាំ ២០២៤ ស្រាប់តែបានឃើញ Y1 Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាស្រី Hwang Jung Eum បានចេញសេចក្តីរាយការណ៍ថា នាងបានសម្រេចសុំលែងលះស្វាមីហើយ ដោយបានរៀបរាប់ថា ៖ «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្តងទៀត Hwang Jung Eum ក៏សម្រេចចិត្តថានឹងបញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់នាង ដោយមិនអាចបន្តទៅមុខបានទៀតទេ ទើបសម្រេចដាក់ពាក្យសុំលែងលះ»។
លើសពីនេះ ក្នុងខ្លឹមសារសេចក្តីថ្លែងការណ៍នោះបាននិយាយទៀតថា ៖ «ពួកយើងមិនអាចបង្ហាញព័ត៌មានលម្អិតអំពីហេតុផលដែលឈានដល់ការលែងលះគ្នាបានទេ ព្រោះនេះជារឿងឯកជន។ ពួកយើងក៏សុំការយោគយល់របស់អ្នកលើបញ្ហានេះដែរ ហើយសុំកុំឱ្យពាក្យចចាមអារ៉ាមមិនពិត ចុះផ្សាយបំផ្លើស ដោយសារតែរឿងនេះអាចជះឥទ្ធិពលដល់បុគ្គលដែលមិនពាក់ព័ន្ធ ដូចជាកូនៗរបស់ពួកគេ»។
គួរបញ្ជាក់ផងដែរថា តារាស្រី Hwang Jung Eum បានរៀបការជាមួយនឹងស្វាមីជាអតីតកីឡាករវាយកូនហ្គោលនៅក្នុងឆ្នាំ ២០១៦ ហើយនាងបានសម្រាលបានកូនប្រុសដំបូងនៅក្នុងឆ្នាំ ២០១៧ ហើយចូលដល់ឆ្នាំ ២០២០ ជីវិតគ្រួសាររបស់នាងបានមានបញ្ហារហូតឈានដល់ការលែងលះ ក្រោមហេតុផលរស់នៅមិនចុះសម្រុងគ្នា ប៉ុន្តែក៏អាចផ្សះផ្សាគ្នាវិញបាន តែយ៉ាងណាមកដល់ឆ្នាំ ២០២៤ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេក៏នៅតែមិនអាចរក្សាបានឈានដល់ការលែងលះគ្នាដដែល៕