ភ្ញាក់ផ្អើល! Taeyang ប្រាប់អ្នកគាំទ្រពីអារម្មណ៍ពិត ពេលបានជួប Lisa កាលមកដល់កូរ៉េដំបូងៗ
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ Taeyang សមាជិកក្រុម BIGBANG ទើបតែត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា «Down to Earth» និង បានបង្ហាញខ្លួនជាភ្ញៀវពិសេសសម្រាប់កម្មវិធី «Cultwo Show» របស់ស្ថានីយ៍វិទ្យុ SBS Power FM ។
នៅក្នុងការផ្សាយផ្ទាល់តាមវិទ្យុ លោកបាននិយាយអំពីរឿងរ៉ាវជាច្រើនក្នុងជីវិតរបស់លោក ជាពិសេសលោកក៏បានលើកឡើងពី Lisa កំពូលតារាស្រីប្រចាំក្រុម BLACKPINK ដែលបានច្រៀងរួមគ្នាជាមួយលោកក្នុងបទចម្រៀងមានចំណងជើងថា «Shoong» ដែលទើបនឹងចេញថ្មីៗនេះផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ Taeyang បានលើកនិយាយពីអារម្មណ៍ដំបូងរបស់ខ្លួន ពេលដែលលោកបានជួប Lisa កាលពីក្មេង ពោលគឺកាលពីនាងមក Audition មកម្ល៉េះ ដោយលោកបានរៀបរាប់ថា ៖ «កាលនោះ នៅពេលដែលខ្ញុំកំពុងតែធ្វើការនៅក្នុងស្ទូឌីយោ ខ្ញុំបានឮគេថាមានក្មេងស្រី មកពីប្រទេសថៃមកធ្វើ Audition ខ្ញុំក៏លាន់មាត់ «Wow ពិតមែន?» បន្ទាប់មក ខ្ញុំក៏ដើរកាត់បន្ទប់ដែលនាងកំពុងនៅនោះ ហើយខ្ញុំក៏សម្រេចចិត្តចូលមើលនាងជាមួយគ្នានឹងគណៈកម្មការនៅទីនោះតែម្ដងទៅ»។
លោកក៏បានបន្ថែមថា ៖ «ខ្ញុំចាំមិនសូវជាច្បាស់ប៉ុន្មានទេ ដឹងត្រឹមថាកាលណោះ នាងពិតជាក្មេងណាស់ ប្រហែលជាអំឡុងពេលនាងនៅរៀនបឋម ឬ អនុវិទ្យាល័យ! ខ្ញុំមានអារម្មណ៍លំបាកជំនួសនាងតែម្ដង នៅពេលដែលដឹងថានាងមកប្រទេសមួយដែលនាងមិនសូវស្គាល់តែម្នាក់ឯង សម្រាប់មកបំពេញក្ដីស្រមៃចង់ក្លាយជាតារា KPOP មួយរូប»។
អ្វីដែលកាន់តែពិសេសនោះ កាលណោះលោកបានគិតលើ Lisa ថា ៖ «តាមអ្វីដែលខ្ញុំមើលឃើញ នាពេលអនាគត នាងនឹងក្លាយជា Super Star ដ៏ល្បីជាសកលមួយរូប ជាក់ជាមិនខាន»៕