មហាជនអ្នកនិយមគាំទ្រកីឡាករគុនខ្មែរ បាននាំគ្នាសម្ដែងក្ដីបារម្ភចំពោះកីឡាករអ្នកលេងពូថៅដៃគុនខ្មែរ ធឿន ធារ៉ា ក្រោយត្រូវបោះបង់ការប្រកួតព្រោះតែបញ្ហាដៃរបស់លោក នៅទឹកទី ៤ ពេលប៉ះជាមួយកីឡាករថៃ ក្រុង ចក្រ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ម្សិលមិញនេះ។
ក្រោយជួបរឿងស្មានមិនដល់បែបនេះ លោកគ្រូ អេ ភូថង ដែលជាគ្រូរបស់កីឡាករ ធឿន ធារ៉ា លោកបានចេញមកបញ្ជាក់ពីស្ថានភាពរបស់កីឡាករ ធឿន ធារ៉ា បែបនេះថា ៖ «តាមការបញ្ជាក់របស់លោកគ្រូពេទ្យ កែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យនឹងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេ គ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈខ្លីប៉ុណ្ណោះអាចប្រកួតវិញបានធម្មតា។ សូមអគុណដល់ហ្វេនៗដែលព្រួយបារម្ភដល់ ធឿន ធារ៉ា»។
ស្របគ្នានោះផងដែរ ចំពោះការព្យាបាលវិញ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ បើយោងតាមប្រសាសន៍របស់ឧកញ៉ា ស្រី ចាន់ថន លោកបានចេញមុខមកប្រកាសជាសាធារណៈថា លោកនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់ ធឿន ធារ៉ា ផងដែរ៕