ប្រទះភ្នែកឃើញសត្វតោ ពួនជិតផ្ទះ ភ័យស្លន់រត់ទៅហៅប៉ូលិសឱ្យជួយ ដល់មកឃើញពិត ដាច់ចង្កេះ
មន្ត្រីការពារសត្វព្រៃនៅប្រទេសកេនយ៉ា ត្រូវបានពលរដ្ឋទាក់ទងរាយការណ៍ពីការប្រទះឃើញសត្វតោមួយក្បាល ដែលបានពួននៅគុម្ពសួនក្បែរផ្ទះ។ ទោះជាយ៉ាងណា នៅពេលខាងមន្ត្រីទាំងនោះមកដល់អមដោយអាវុធការពារខ្លួន ប៉ុន្តែបែរជាដាច់ចង្កេះ និង រកឃើញថា អ្វីដែលពលរដ្ឋបានរាយការណ៍នោះ គឺត្រឹមជាថង់ដាក់ឥវ៉ាន់រូបតោមួយទៅវិញ។
តាមសារព័ត៌មាន BBC បានឱ្យដឹងថា កសិករម្នាក់រស់នៅក្នុងតំបន់ Kinyana ដែលមានចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីឧទ្យានជាតិ Mount Kenya បានប្រទះឃើញថង់នោះដំបូង ដោយមិនបានពិនិត្យឱ្យបានដិតដល់នោះឡើយ ដោយគ្រាន់តែក្រឡេកឃើញរូបភាពភ្លាម ក៏សន្មតថាជាសត្វតោ ហើយក៏ភ័យស្លន់ស្លោទាក់ទងទៅខាងមន្ត្រីការពារសត្វព្រៃភ្លាមតែម្ដង។
ទោះជាយ៉ាងណា នៅពេលដែលខាងមន្ត្រីពាក់ព័ន្ធចំនួន ៣ នាក់បានទៅដល់កន្លែងកើតហេតុ ពួកគេក៏រកឃើញថា ផ្ទុយពីសត្វតោពិតៗ ពួកគេបែរជារកឃើញថង់ធំមួយពោរពេញដោយគ្រាប់ និង ដើមផ្លែប័រទៅវិញ។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា ថង់ដាក់គ្រាប់ផ្លែប័រនេះ ត្រូវម្ចាស់ផ្ទះទុកក្នុងចន្លោះគុម្ពផ្កានោះ គឺដើម្បីការពារកុំឱ្យវាស្ងួត៕