ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍យ៉ាងខ្លាំងនូវកម្មវិធីមួយ ដែលសាលាគុនល្បុក្កតោ តេជ័យតេជៈ របស់កញ្ញា ពេជ្រ ចរណៃ សហការណ៍ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង Revlon បានរៀបចំកម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» ដើម្បីចូលរួមលើកស្ទួយគុនល្បុក្កតោខ្មែរ។
កម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» ដែលរៀបចំកាលពីថ្ងៃទី ១៨ និង ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនោះ មិនត្រឹមតែបានបង្ហាញពីឈុតឆាកគុនល្បុក្កតោពីសំណាក់កញ្ញា ពេជ្រ ចរណៃ និង គ្រូ ព្រមទាំងកូនសិស្សគុនល្បុក្កតោនោះទេ តែអ្នកចូលរួមក៏មានឱកាសបានស្លៀកឈុតគុនល្បុក្កតោដូចគ្នាដែរ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។
តាមរយៈការឱ្យដឹងពី កញ្ញា សុខ លីលីង CEO ក្រុមហ៊ុន Revlon បានបញ្ជាក់ថា កម្មវិធីចូលរួមផ្សព្វផ្សាយគុនល្បុក្កតោនេះ គឺជាការរៀបចំលើកទី ១ ប៉ុន្តែមានការចូលរួមច្រើនពីសំណាក់មហាជន ដោយក្នុងនោះមានចាប់ពីក្មេងតូចៗអាយុជិត ២ ឆ្នាំ រហូតដល់ពេញវ័យ និង ចាស់ៗខ្លះ ក៏បានចូលរួមក្នុងការស្លៀកឈុតកីឡាគុនល្បុក្កតោ ដើម្បីជាផ្នែកចូលរួមលើកស្ទួយដល់គុនល្បុក្កតោក្នុងនាមជាកូនខ្មែរដែរ។
លើសពីនោះ ថវិកា ដែលទទួលបានពីការចូលរួមស្លៀកឈុតគុនល្បុក្កតោពីសំណាក់មហាជន ត្រូវបានប្រគល់ជូន សាលាគុនល្បុក្កតោ តេជ័យតេជៈ របស់កញ្ញា ពេជ្រ ចរណៃ ដើម្បីបន្តដំណើរក្នុងការចែករំលែក ថែរក្សា និង ចូលរួមផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយថែមទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖