នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ កងទ័ពយើងបានបញ្ជាក់ច្បាស់ៗដោយក្លាហាន និង ស្វាហាប់នៅច្រកអានសេះលើទឹកដីកម្ពុជា នៅពេលដែលទាហានថៃ បាននាំក្រុមអ្នកអង្កេតការណ៍អាស៊ាន ៨ ប្រទេស ចំនួន ១៥ នាក់ ដឹកនាំដោយម៉ាឡេស៊ី ចុះពិនិត្យអង្កេតកាណ៍។
តាមរយៈវីដេអូសកម្មភាពនេះ មហាជននាំគ្នាគោរពស្ងើចសរសើរលើវីរកងទ័ពកម្ពុជា ដែលលោកឈរលើភាពត្រឹមត្រូវ តទល់មតិទៅខាងភាគីថៃ ឱ្យដឹងថា ច្រកអានសេះ គឺស្ថិតនៅលើទឹកដីកម្ពុជា ដែលមានជាសកម្មភាពរុញច្រានគ្នាបន្តិចបន្តួច ព្រមទាំងបញ្ជាក់ថា៖ «ទឹកដីនេះជាទឹកដីខ្ញុំ ផ្ទះប្រជាជនខ្ញុំ ប្រជាជនខ្ញុំ រស់នៅទីនេះយូរហើយ មើលជាក់ស្ដែងចុះ ហេតុអ្វីអ្នកនាំគ្នាចូលមក មិនជូនដំណឹងដល់ខាងខ្ញុំ ខាងខ្ញុំធ្វើអ្វីតែងជូនដំណឹងដល់អ្នក ព្រោះគោរព មិនចង់មានបញ្ហា»។
ក្នុងនោះ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា វីរកងទ័ពកម្ពុជា ដែលរុញច្រានជាមួយទ័ពថៃ នៅច្រកអានសេះ លើទឹកដីកម្ពុជា ដែលឃើញបងប្អូនចែកចាយច្រើននៅតាមបណ្តាញសង្គម គឺត្រូវបានគេស្គាល់ថាជាលោកព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ៕