ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសម៉ាឡេស៊ី ដែលមានតាយាយប្តីប្រពន្ធមួយគូបាននាំគ្នាធ្វើដំណើររាប់ម៉ោងទៅលេងកន្លែងទេសចរណ៍ល្បី ដែលខ្លួនឃើញតាមហ្វេសប៊ុក តែទៅដល់ទើបដឹងថាចាញ់បោកវីដេអូ AI។
រឿងរ៉ាវមួយនេះ ត្រូវបានចែកចាយដោយនារីម្នាក់ដែលជាបុគ្គលិកនៅសណ្ឋាគារមួយនៅរដ្ឋ Perak។ នាងបានឱ្យដឹងថា មានតាយាយដែលជាប្តីប្រពន្ធមួយគូបានធ្វើដំណើរពីទីក្រុងកូឡាំពួរអស់រយៈ ៣ ម៉ោង មកស្នាក់នៅសណ្ឋាគាររបស់នាង ដោយប្រាប់ថាពួកគាត់ចង់ទៅលេងកន្លែងទេសចរណ៍ Kuak Hulu។ នាងស្តាប់ហើយក៏ចម្លែកចិត្តខ្លាំងណាស់ ព្រោះមិនដែលឈ្មោះកន្លែងនេះពីមុនមកទេ ហើយក៏បានព្យាយាមសួរនាំតាយាយបន្ថែមទៀត។
យ៉ាងណាមិញ តាយាយទាំងគូបានប្រាប់ឱ្យដឹងថា ពួកគាត់បានឃើញគេផុសផ្សព្វផ្សាយកន្លែងទេសចរណ៍នេះនៅតាមហ្វេសប៊ុក ដោយកន្លែងនេះមានទេសភាពស្អាតណាស់ មានកន្រ្តកលើអាកាសសម្រាប់ជិះឱ្យទស្សនាទេសភាពទៀត មានមនុស្សម្នាច្រើន ហើយថែមទាំងមានអ្នកកាសែតទៅផ្សាយពីកន្លែងនោះទៀតផង។ ដោយឡែក នៅពេលដែលនាងឃើញវីដេអូនោះ ទើបនាងដឹងថាតាមពិតគឺជាវីដេអូ AI សោះ នាងក៏ព្យាយាមពន្យល់ប្រាប់តាយាយ តែដំបូងឡើយពួកគាត់ហាក់ដូចជាមិនជឿឡើយ រហូតដល់ចុងក្រោយទើបសុខចិត្តជឿទាំងសោកស្តាយ៕
ប្រភព៖ Kapook