ទេសចរបរទេសម្នាក់ នាំគ្រួសារទៅលេងព្រះសីហនុ បានរិះគន់ធ្ងន់ៗ មិនសំចៃមាត់ ពីបញ្ហាចរាចរណ៍
នៅលើគណនីហ្វេសប៊ុកភ្ញៀវ ទេសចរបរទេសម្នាក់ឈ្មោះថា Stephane Aubry បានបង្ហោះសាររិះគន់ ចំៗ អំពីបញ្ហាកកស្ទះចរាចរណ៍នៅខេត្តព្រះសីហនុ ដោយសរសេរជាភាសាអង់គ្លេសថា «It’s time to get out of Shitville! You want to go out for dinner or shopping, make sure to plan to get stuck in this mess for hours. Can’t stand this shit anymore» ដែលមានន័យជាភាសាខ្មែរថា «ដល់ពេលដែលត្រូវចាកចេញពីខេត្តព្រះសីហនុហើយ, អ្នកនឹងត្រូវជាប់គាំងក្នុងស្ថានភាពចរាចរណ៍ដ៏រញ៉េរញ៉ៃរាប់ម៉ោង នៅពេលដែលអ្នកចង់ចេញទៅញ៉ាំអាហារពេលល្ងាច ឬ ដើរទិញអីវ៉ាន់ ។ មិនអាចទ្រាំបានក្នុងស្ថានភាពនេះទៀតទេ» ។
នេះជាករណីដ៏កម្រមួយដែលទេសចរបរទេស មកពីប៉ែកអឺរ៉ុប បានបញ្ចេញមតិ និង រិះគន់ចំៗបែបនេះ ទៅលើស្ថានភាពចរាចរណ៍នៅខេត្តព្រះសីហនុបច្ចុប្បន្ន ។ បន្ទាប់ពីលោក Stephane Aubry បានបង្ហោះសារបែបនេះ ក៏មានមនុស្សជាច្រើនចូល Comment និង បានលើកឡើងអំពីស្ថានភាពហាក់មិនសូវល្អប្រសើរប៉ុន្មានឡើយ នៅឯខេត្តនាយសមុទ្ររបស់កម្ពុជាមួយនេះ ។
គួរឱ្យដឹងថា មកទល់ពេលនេះ ខេត្តព្រះសីហនុ មានកំណើនសេដ្ឋកិច្ចរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយគេឃើញមាន សំណង់អគារជាច្រើនរីកដុះដាលដូចផ្សិត ហើយទន្ទឹមនឹងនេះដែរកំណើនប្រជាជនក៏កាន់តែច្រើនឡើង ។ ស្របពេលមានកំណើនទៅលើផ្នែកសំណង់អគារនេះ ការដឹកជញ្ជូនក៏កាន់តែមានភាពមមាញឹក ហើយវាក៏អាចជាផ្នែកមួយប៉ះពាល់ ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ធ្វើឱ្យមានការខូចខាតផងដែរ។ កត្តានេះក៏ជាផ្នែកមួយធ្វើឱ្យ ចរាចរណ៍នៅខេត្តមួយនេះកាន់តែកកស្ទះ ។ បច្ចុប្បន្ន អភិបាលខេត្តថ្មី ឯកឧត្ដម គួច ចំរើន ក៏បានខិតខំ កែប្រែ និង រិះរកគ្រប់វិធីសាស្ត្រ ដើម្បីធ្វើឱ្យខេត្តមួយនេះមានលក្ខណៈល្អប្រសើរឡើងវិញ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ