ចាំបាច់ទៅណាឆ្ងាយ! តំបន់ស្កាយលែន នៅជិតទីក្រុងបង្កើយ ល្បីមានទេសភាពស្រស់ស្អាតកប់ !
ក្រៅពីមមាញឹកជាមួយការងារពេញមួយសប្តាហ៍រួចមក គេតែងតែនឹកគិត និង ស្វែងរកទីកន្លែង ឬរមណីយដ្ឋានសម្រាប់ដើរលម្ហែកម្សាន្តនៅថ្ងៃចុងសប្តាហ៍ដើម្បីជាការបន្ធូរអារម្មណ៍ ។ នៅពេលនេះយើងសូមលើកយកតំបន់លម្ហែកាយ ស្កាយលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ពោលគឺ មានចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រ នាទិសខាងកើតនោះគឺជាតំបន់ ទេសចរណ៍មួយកន្លែង ដែលកំពុងទទួលបានការចាប់អារម្មណ៍ និង ទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់ឱ្យទៅកម្សាន្តនៅ ទីនោះ ។
ស្ទើរតែរៀងរាល់ថ្ងៃ គេតែងតែឃើញមានភ្ញៀវទេសចរ ដែលភាគច្រើនជាភ្ញៀវទេសចរជាតិ បាននាំគ្នាទៅលេងកម្សាន្តនៅទីនោះជាហូរហែ ជាពិសេសបើចំថ្ងៃឈប់សម្រាកវិញគឺកាន់តែសម្បូរភ្ញៀវដោយសារ តំបន់លម្ហែកាយ ស្កាយលែន មានទេសភាពស្រស់ស្អាត និង នៅជិតទីក្រុងផងមិនលំបាកក្នុងការធ្វើដំណើរទៅលេងឡើយ ។
បើលោកអ្នកចង់ទៅកម្សាន្តនៅទីនោះ លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ទៅដល់ស្ពាន ព្រែកតាមាក់ ឆ្លងស្ពានទៅកាន់វិហារសួគ៌ក៏បាន ឬ អាចឆ្លងសាឡាងអារិយក្សត្រ ឬ ក៏ឆ្លងសាឡាង ស្វាយជ្រុំ ទៅក៏បាន ហើយក៏វាជិតផងដែរ ។
តាមផ្លូវទៅរមណីយដ្ឋានស្កាយលែន ភ្ញៀវទេសចរទាំងឡាយប្រាកដជាបានឃើញទេសភាពដ៏ស្រស់ស្អាត នៅតាមផ្លូវ ជាពិសេសគឺចម្ការឈូកក្នុងបឹងដ៏ធំល្វឹងល្វើយមានផ្កាល្អស្រស់ និង ពេលទៅដល់ឃើញមាន ការរៀបចំជាសួនដ៏ល្អស្អាតធ្វើឱ្យភ្ញៀវ ដែលបានទៅលេងកម្សាន្តតែងតែនាំគ្នាថតផ្តិតយករូបភាពនៅទីនោះមិនដែលខានឡើយ ។
មានភ្ញៀវខ្លះ ទៅលេងជាគូសង្សារ,ជាក្រុមគ្រួសារ,ជាមិត្តភក្តិ បាននាំគ្នាទៅលម្ហែអារម្មណ៍ហើយនាំគ្នា ស្រស់ស្រូបអាហារ ដែលមានលក់នៅទីនោះស្រាប់ក្នុងតម្លៃសមរម្យ និង រសជាតិឆ្ងាញ់ពិសាទៀតផង។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
ដោយ ៖ ដេវីត