រមណីយដ្ឋានឧទ្យានជាតិវីរជ័យ កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរទៅទស្សនាកម្សាន្ត
ឧទ្យានជាតិវីរជ័យគឺជារមណីយដ្ឋានធម្មជាតិមួយ ដែលសម្បូរទៅដោយទេសភាពចម្រុះ ដ៏មហាសាលមានព្រៃឈើ ភ្នំ ទីទួល ជ្រលងដងអូរ ដៃទន្លេ ពិសេសនោះគឺ សហគមន៍ជនជាតិភាគតិច ។ នៅក្នុងឧទ្យានជាតិវីរជ័យ សម្បូរសត្វព្រៃគ្រប់ប្រភេទយ៉ាងសម្បូរបែប ហាក់បីដូចជាកំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានចូលទៅទស្សនាកម្សាន្តនៅទីនោះ ។
ឧទ្យានជាតិវីរជ័យ ជាតំបន់ជីវចម្រុះធម្មជាតិដំបូងគេ តែមួយគត់ ដែលនៅសល់ពីការបំផ្លិចបំផ្លាញរបស់មនុស្សនាពេលកន្លងទៅ ហើយឧទ្យានជាតិវីរជ័យនេះបានក្លាយទៅជាឧទ្យានជាតិមួយដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានតំបន់អភិរក្សជាប់គ្នាជាមួយនឹងប្រទេសឡាវ ប្រទេសវៀតណាម ដែលគេហៅថា តំបន់កន្ទុយនាគ ដែលបានបញ្ចូលគ្នានៃតំបន់អភិរក្សនៅក្នុងទ្វីបអាស៊ីយើងផងដែរ ។
តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្ត រតនគិរីម្នាក់បានឱ្យដឹងថា នៅឧទ្យានជាតិវីរជ័យគ្របដណ្តប់ដោយផ្ទៃដីប្រមាណជា ៣ ៣២៥ គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកវ៉ឺនសៃ និង ស្រុកតាវែង លាតសន្ធឹងរហូតដល់ ស្រុកសៀមប៉ាង នៃទឹកដីខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែលជា ៦០ គីឡូម៉ែត្រនៅភាគខាងជើងក្រុងបានលុង ។ ឧទ្យានវីរជ័យមានដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំមានវាលស្មៅធំល្វឹងល្វើយ និង មានពពួកសត្វព្រៃគ្រប់ប្រភេទរួមមានបក្សីជាច្រើន រស់នៅនិង សត្វត្រសេះក្រហមព្រមទាំងសត្វព្រៃជាច្រើនប្រភេទទៀតរស់នៅយ៉ាងសុខដុម ។
មិនតែប៉ុណ្ណោះ ឧទ្យានជាតិវីរជ័យ ក៏ជាជម្រកនៃបងប្អូន ប្រជាជនកុលសម្ព័ន្ធក្នុងស្រុក និង កុលសម្ព័ន្ធភ្នំរស់នៅអស់រយៈពេលរាប់សតវត្សរ៍មកហើយ ហើយក៏ជាទីកន្លែងមួយដ៏សំខាន់សម្រាប់ជនជាតិភាគតិចប្រកបរបរចិញ្ចឹមជីវិត ដែលរស់នៅអាស្រ័យការពឹង ផ្អែកទៅលើធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិវីរជ័យនេះ ។
នៅឧទ្យានជាតិវីរជ័យនេះដែរ ក៏បានបន្សល់ទុកនូវមរតក ប្រវត្តិសាស្ត្រដ៏ទារុណ ដោយសារសង្រ្គាមសហរដ្ឋអាមេរិក និង វៀតណាម ដែលបានធ្វើឱ្យធនធានធម្មជាតិនៅតំបន់នេះជាងពាក់កណ្តាលត្រូវរងនូវការបំផ្លិចបំផ្លាញស្នាកស្នាមគ្រាប់បែក B52 នៅមានខ្លះនៅឡើយ ៕
ដោយ៖សុថាត់