វិមាន ឈ្នះឈ្នះ ក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ថ្មីមួយនៅជាយក្រុងភ្នំពេញ (វីដេអូ)
មិនថាថ្ងៃធម្មតា ឬ ថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬ ថ្ងៃបុណ្យជាតិធំឡើយ នៅបរិវេណវិមានឈ្នះឈ្នះបាន ក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ថ្មីមួយ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលទៅសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ការទស្សនាពីរឿងរ៉ាវ ដែលឈានដល់ការំដោះប្រទេសចេញពីរបបពិឃាដប៉ុលពត ។
អ្នកដែលបានទៅទស្សនានៅវិមាន ឈ្នះឈ្នះ មិនថា អ្នកទីក្រុង ឬ អ្នកនៅតាមបណ្តាខេត្តនានាឡើយ ឱ្យតែបានឆ្លងកាត់ផ្លូវទីនោះ ពួកគាត់បានចំណាយពេលឆៀងចូលទៅទស្សនាកម្សាន្តនៅទីនោះជាហូរហែ មិនដែលដាច់ឡើយ ។
នៅពេលទៅដល់ទីនោះ ភ្ញៀវទេសចរទាំងឡាយបាននាំគ្នាថតរូបទុកជាអនុស្សវរីយ៍ អ្នកខ្លះនាំគ្នា ទស្សនា សារៈមន្ទីរកាងទ័ព និង អ្នកខ្លះបានទស្សនា នូវចម្លាក់សាច់រឿងរបស់វីរៈជនស្នេហាជាតិ ក្នុងពេលតស៊ូដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសេនោះគឺរូបចម្លាក់និយាយពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាតែម្តង ។
វិមាន ឈ្នះឈ្នះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និង ទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ។
ពិធីសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា នៅ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ទាំងស្រុង ដោយចំណាយថវិកា ប្រមាណជា ១២ លានដុល្លារអាមេរិក ៕
សូមទស្សនា វីដេអូខាងក្រោមនេះ ៖
ដោយ៖សុថាត់