ប្រាសាទ ធម្មានន្ទ សាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ
ប្រាសាទធម្មនន្ទ ស្ថិតនៅចមា្ងយជិត១គីឡូម៉ែត្រពីមហាកំពែងក្រុងអង្គរធំ នៅខ្លោងទ្វារខាងកើត ។ នៅទីនោះ មានប្រាសាទពីរ មួយគឺ ប្រាសាទចៅសាយទេវតា និង មួយទៀតគឺ ប្រាសាទធម្មនន្ទ ។ ប្រាសាទមួយនៅខាងស្តាំដៃគឺប្រាសាទចៅសាយទេវតា ចំណែកនៅខាងឆ្វេងដៃគឺ ប្រាសាទ ធម្មនន្ទ ។
ប្រាសាទទាំងពីរនេះឃ្លាតពីគ្នាចមា្ងយប្រហែល ២៥០ ម៉ែត្រ ព្រមទាំងមានទំហំស្ទើរតែប៉ុនគ្នា ។ ព្រោះថា ប្រាសាទទាំងពីរនេះលាតសន្ធឹងលើផ្ទៃដីប្រវែងប្រហែល ២៧ ម៉ែត្រដូចគ្នា ប្រៀបបានទៅនឹងស្តេចពស់នាគរាជភ្លោះញីឈ្មោលមួយគូ ហេតុនេះទើបពួកអ្នកប្រាជ្ញសិក្សាពីបុរាណវិទ្យាឱ្យឈ្មោះថា ប្រាសាទភ្លោះ ញីឈ្មោលមួយគូរបស់ពិភពស្តេចពស់នាគរាជ ។
សូមបញ្ជាក់ថា ប្រាសាទចៅសាយទេវតា គឺជាប្រាសាទពិភពស្តេចពស់នាគរាជញី ចំណែកឯ ប្រាសាទធម្មនន្ទគឺ ជាប្រាសាទពិភពស្តេចពស់នាគរាជឈ្មោល ។
ដើម្បីទៅដល់តួប៉មប្រាសាទធម្មនន្ទ ដែលជាជម្រកអាថ៌កំបាំងនៅលើឋានសួគ៌នោះ គឺត្រូវតែដើរឆ្លងកាត់តាមផ្លូវដែលមានបណ្តោយប្រវែង ១២០ ម៉ែត្រ តាមទិសទក្សិណ ខាងត្បូង ។ ប្រាសាទធម្មានន្ទនេះ មាន កំពែងថ្នាក់ទាបធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញ មានបណ្តោយប្រវែង ៦០ ម៉ែត្រ និង ទទឹង ៤៥ ម៉ែត្រ ហើយនៅទិសខាងត្បូងមានបណ្ណាល័យមួយ ។
ប្រាសាទនេះមានតួប៉មតែមួយគត់ មានកម្ពស់ ២១ ម៉ែត្រ តុបតែងឡើងជារាងផ្កាឈូកក្រពុំអមតៈ ព្រមទាំងរចនាឡើងមានរាងជា៥ថ្នាក់ ។ តួប៉មបូជនីយដ្ឋាននេះ មានទ្វារបញ្ឆោត ៣ និង មានទ្វារមួយចូលពីទិសខាងកើត ដែលមានប្រវែងដ៏វែង ដែលសាងសង់ឡើង នៅលើខឿនមួយ ដែលមានកម្ពស់ ២,៥០ ម៉ែត្រ ។
ប្រាសាទធម្មានន្ទ បែរមុខទៅទិសខាងកើត ព្រមទាំងមានព្រលានសិលាមួយផ្ទាំងធំល្មមមានផ្ទៃរាបស្មើ ហើយវាមានមុខងារសំខាន់ណាស់សម្រាប់ប្រើប្រាស់នៅក្នុងពិធីសាសនាទៀតផង ។ ប្រាសាទធម្មានន្ទនេះ ត្រូវបានកសាងឡើងក្នុងយុគសម័យកាលអង្គរវត្ត នាសតវត្សរ៍ទី ១២ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងជំនឿព្រហ្មញ្ញសាសនា ៕
ដោយ៖សុថាត់