ទៅខេត្តប៉ៃលិន កុំភ្លេចទៅលេងរមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ (វីដេអូ)
ប៉ៃលិនគឺជាខេត្តតូចមួយក្នុងចំណោមខេត្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅប៉ែកខាងលិចជាប់នឹងព្រំដែនខេត្តចាន់បូរី ប្រទេសថៃ ត្រូវបានគេឱ្យរហស្សនាមថា ជាខេត្តត្បូងពេជ្រ ដោយភោគផលធម្មជាតិ ដែលល្បីរន្ទឺពាសពេញពិភពលោក ជាពិសេសសម្បូរទៅដោយត្បូងមានតម្លៃ តែម្តង ដែលមានប្រវត្តិជាយូលង់ណាស់មកហើយ ប៉ុន្តែពេលនេះ ត្បូងទាំងនោះស្ទើរតែរលាអស់ទៅហើយ ។
បច្ចុប្បន្ននេះ ខេត្តប៉ៃលិនមានរមណីយដ្ឋានប្រវត្តិសាស្រ្ត និង រមណីយដ្ឋានកែច្នៃ ជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្ត ជាហូរហែ ។
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ ឬ គេហៅបយ៉ាខា ជារមណីយដ្ឋានកែច្នៃមួយកន្លែង កំពុងតែល្បីរន្ទឺ ហើយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលទៅលេងកំសាន្តយ៉ាងច្រើនកុះករ ទាំងខ្មែរ និង បរទេស ។
បើសិនជាយើងចង់ធ្វើដំណើរទៅលេង រមណីយដ្ឋានចម្ការខ្នុរនេះត្រូវ ចេញពីទីរួមខេត្តបាត់ដំបង កាត់តាមជើងភ្នំសំពៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងលិច ដែលមានចម្ងាយ ប្រហែលជាង ៨០ គីឡូម៉ែត្រ ដល់ក្រុងប៉ៃលិន ។
រួចហើយយើងបន្តធ្វើដំណើរទៅទិសខាងលិច ឆៀងទៅខាងត្បូង ចម្ងាយពីក្រុងប៉ៃលិន ប្រហែលជា ៥ ទៅ៦ គីឡូម៉ែត្រ ដោយឆ្លងកាត់តាមផ្លូវលំមួយកន្លែង នឹងអាចទៅរកឃើញរមណីយដ្ឋានដែលបានប ង្កើតឡើង ដោយថ្វីដៃរបស់ក្រុមគ្រួសារមួយ ដាក់ឈ្មោះថារមណីយដ្ឋានចម្ការខ្នុរ ឬហៅរមណី យដ្ឋានទឹកជ្រោះបរយ៉ាខា ស្ថិតនៅជាប់នឹងមាត់ស្ទឹងឬជ្រោះក្នុង ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
នៅទីនោះមានទឹកហូររេញៗ ពីត្បូងទៅជើង គួរឱ្យចង់គយគន់លេងកម្សាន្ត បំបាត់នូវក្តីកង្វល់ និង បញ្ហាផ្សេងៗ នៅក្នុងជីវិត មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានម្ហូបដ៏ឆ្ងាញ់ពិសាររបស់ម្ចាស់រមណីយដ្ឋាន មានម្ហូបកំម្មង់គ្រប់មុខ ហើយមានតម្លៃ សមរម្យផងដែរ ៕
ដោយ៖សុថាត់