បឹងទន្លេឆ្មា ជាតំបន់ទេសចរណ៍សត្វស្លាប ដ៏ទាក់ទាញនៅខេត្តកំពង់ធំ
បឹងទន្លេ ឆ្មាគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តកំពង់ធំ ដែលសព្វថ្ងៃបាន និង កំពុងក្លាយជាគោលដៅទេសចរណ៍ និង មានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តកំពង់ធំ បន្ទាប់ពីប្រាសាទសំបូព្រៃគុក ។
បឹងទន្លេឆ្មា ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និង ជាជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាច្រើនប្រភេទរស់នៅបង្កើតបាននូវភាពទាក់ទាញចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់បឹងទន្លេឆ្មានេះដែរ ក្រៅអំពី មានហ្វូងសត្វបក្សីជាច្រើនប្រភេទរស់នៅ ដែលជាចំណីចក្ខុសម្រាប់អ្នកទេសចរនោះ លោកអ្នកក៏អាចធ្វើការសិក្សាស្វែងយល់ អំពីជីវភាព និង ការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍នេសាទនៅទីនោះផងដែរ ។
បឹងទន្លេឆ្មាគ្របដណ្តប់ទៅដោយផ្ទៃដីប្រមាណជា ៤០០ ហិកតាមានបណ្តាញជាប់គ្នា ជាមួយនឹងចរន្តទឹកបឹងខ្លាមានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាបរស់នៅរកចំណីបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ប្រណីត ។
ប្រសិនបើភ្ញៀវទេសចរមានបំណងចង់ទៅទស្សនា សត្វស្លាបនៅតំបន់បឹងទន្លេឆ្មានោះគឺចាំបាច់យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្ត ដោយការជិះទូកម៉ាស៊ីន ដែលត្រូវចំណាយពេលប្រហែលជា ២ ម៉ោងនៅតាមដងស្ទឹងសែន ។ ហើយតំបន់បឹងទន្លេឆ្មានេះ មានទីតាំងស្ថិតនៅក្នុងទឹកដីនៃ ឃុំផាត់សណ្តាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយនឹងខេត្តកំពង់ឆ្នាំង ។
បឹងទន្លេឆ្មាសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ព្រៃលិច ទឹក ប្រព័ន្ធជីវៈចម្រុះធម្មជាតិ បឹងទន្លេឆ្មា ហើយអ្វីដែលរឹតតែធ្វើឱ្យយើងកាន់តែជក់ចិត្តស្ទើរតែមិនហ៊ានព្រិចភ្នែកនោះ គឺនៅពេលបានមកដល់ភ្លាម គេនឹងបានប្រទះឃើញហ្វូងសត្វស្លាបមានដូចជាកុក ក្អែក ទឹក ប្រវឹក ក្រៀល ស្មោញជាដើម៕
ដោយ៖សុថាត់