រដូវបោះតង់តាមព្រៃភ្នំពណ៌ខៀវខ្ចីជិតមកហើយ តស់! ត្រៀមបង្វេចបបួលដៃគូទៅផ្សងព្រេងកន្លែងធម្មជាតិទាំង ៥ នេះ ធានាសប្បាយណាស់
ខណៈវស្សានរដូវរំកិលចូលមកដល់ ធម្មជាតិដែលរស់រាននារដូវប្រាំង បានកំពុងត្រៀមខ្លួនទទួលទឹកភ្លៀង ដើម្បីបញ្ចេញសម្រស់នាព្រឹក្សាដ៏ត្រកាល។ ចាប់ពីខែឧសភានេះតទៅ នៅតាមកន្លែងធម្មជាតិព្រៃភ្នំនានា នឹងចាប់ផ្តើមប្រែជាពណ៌ខៀវខ្ចី ដែលអំណោយផលចំពោះការស្រូបខ្យល់អាកាស ក៏ដូចជាផ្តិតយករូបភាពស្រស់ស្អាតនៃការធ្វើដំណើរផ្សេងព្រេងបោះតង់។ ចំណោមទិសដៅលាក់កាយឆ្ងាយក្រុង «ប្រជាប្រិយ» សូមណែនាំ កន្លែងបោះតង់ ៥ កន្លែង ដែលជាជង្រុកព្រៃឈើធម្មជាតិស្រស់ស្អាតបំផុតនៅរដូវវស្សា។ តស់! រើសកន្លែងណាមួយខាងក្រោម ហើយណាត់មិត្តភក្តិត្រៀមបង្វិចទាំងអស់គ្នា។
១. ដាក់ដាំ
ស្ថិតនៅខេត្តមណ្ឌលគិរីលើទឹកដីភាគខាងកើតនៃប្រទេសកម្ពុជា ដាក់ដាំ ជាឃុំមួយស្ថិតនៅក្នុងស្រុកអូររាំង មានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ជាឃុំតូចមែនពិត តែទីនេះជាតំបន់ភ្នំដែលមានផ្ទៃដីគ្របដណ្តប់ទៅដោយព្រៃឈើធម្មជាតិបៃតងខ្ចីយ៉ាងត្រកាល។ ទៅដល់ទីនោះ យើងអាចមានឱកាសបានស្វែងយល់អំពីវប្បធម៌ជនជាតិដើមភាគតិចពូនង បានភ្លក់រសជាតិអាហារប្រពៃណី ក៏ដូចជាបន្លែផ្លែឈើដាំដុះប្រចាំតំបន់ផងដែរ។ ជាពិសេស កុំភ្លេចឆ្ពោះទៅលេងទឹកធ្លាក់មួយកន្លែងដែលនៅជិតសហគមន៍ មានឈ្មោះថា ទឹកធ្លាក់ដាក់ដាំ ឬ ទឹកធ្លាក់ជ្រៃធំ។
២. ថ្មលយ
ចំទើតខ្លួនពួនសំងំនៅលើភ្នំគិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ការធ្វើដំណើរទៅទីតាំងថ្មលយ យើងគ្រាន់តែប្រើយានជំនិះចេញពីរង្វង់មូលនាគព័ន្ធ ជិះតាមផ្លូវលំឆ្លងកាត់ព្រៃស្រល់ជាច្រើនហិកតាក្នុងចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ដោយចំណាយពេលប្រហែល ២០ នាទីប៉ុណ្ណោះ។ ដូចទៅនឹងឈ្មោះ ថ្មលយជាកន្លែងមានថ្មមួយដុំរាងលយចេញទៅមាត់ជ្រោះ ដែលអនុញ្ញាតឱ្យយើងអាចឈរទស្សនា និង ផ្តិតយករូបភាពជាមួយទេសភាពជួរភ្នំក្រវាញប្រដេញគ្នាក្រាលគ្របទៅដោយព្រៃឈើធម្មជាតិប្រៀបបាននឹងរលកសាគរ។
៣. ខ្នងផ្សារ
ឋានសួគ៌ធម្មជាតិលាក់កាយឆ្ងាយភ្នែកដែលល្បីរន្ទឺដល់បរទេសនេះ ស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់ខ្នងផ្សារគឺជាទីធម្មជាតិសុទ្ធសាធមួយដែលក្រាលគ្របទៅដោយព្រៃឈើក្រាស់ វាលស្មៅខៀវខ្ចី ជ្រលងភ្នំខ្ពស់ៗ និង សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ បោះតង់នៅទីនេះ ពេលព្រឹកព្រហាម យើងធ្វើដំណើរទៅកាន់ពយខ្នងផ្សារដើម្បីមើលទេសភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ លាយឡំស្បៃពពកហោះអណ្តែតយ៉ាងខ្មួលខ្មាញ់។ រសៀលជ្រាលជ្រេ យើងនឹងបានទស្សនាសូរិយារៀបអស្តង្គតពីលើខ្នងភ្នំផងដែរ។ មកដល់ភ្នំ្នខ្នងផ្សារយើងអាចដើរកម្សាន្តតាមភ្នំផ្សេងៗដូចជា ខ្នងសំពៅ ខ្នងស្រូវ និង ខ្នងកាំភ្លើងដែលនៅជិតៗនោះ។
៤. ស្ទឹងពពក
នៅដើមរដូវវស្សា ព្រលឹមស្រាងៗកន្លែងបោះតង់ ស្ទឹងពពក ពិតជាស្រស់ស្អាតបីដូចជាឋានសួគ៌លោកិយ។ អ័ព្ទពពកសក្បុសនឹងចុះដណ្តប់ព្រៃព្រឹក្សា បង្កើតបានជាផ្ទាំងជលសាល្វឹងល្វើយរកអ្វីប្រៀបផ្ទឹមពុំបាន។ លុះដល់ថ្ងៃរះ ពពកផាត់រសាត់ឆ្ងាយ ទេសភាពដងព្រែក និងព្រៃភ្នំទាំងឡាយ ចាប់ផ្តើមរំលេចខ្លួនបង្ហាញសម្រស់ដូចជាផ្ទាំងគំនូរមួយបែបទៀតក្នុងព្រេងនិទាន។ ដោយសារទីតាំងស្ទឹងពពកបែរមុខទៅទិសខាងលិច ទីនេះអំណោយផលសម្រាប់ការគយគន់ថ្ងៃរៀបលិចផងដែរ។ ស្ទឹងពពក ស្ថិតនៅក្នុងភូមិក្រាំងចេក ឃុំដងព្រែក ស្រុកស្រែអំពិល ខេត្តកោះកុង ។
៥. ទឹកធ្លាក់ថ្មចាំង
ហាក់ដូចជាដាច់ឆ្ងាយតែឯង ទឹកធ្លាក់នេះស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់។ ទឹកធ្លាក់ទីនេះមានកម្ពស់ខ្ពស់ ហូរធ្លាក់ជាសរសៃៗពីកំពូលភ្នំបៀបបានសរសៃសូត្រភ្លឺរលោង ដែលធ្វើឱ្យអ្នកដំណើរបានទៅដល់ភ្លាម នឹងភ្លេចអស់រាល់ទុក្ខកង្វល់រហ័សភ្លែត។ ទឹកធ្លាក់ភ្នំថ្មចាំងមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីរួមស្រុកវាលវែង បើចេញពីទីរួមស្រុក យើងបន្តដំណើរតាមផ្លូវជាតិលេខ ១០ ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រនឹងមកដល់ឃុំក្រពើពីរ រួចបន្តដំណើរតាមផ្លូវតូចតាមជើងភ្នំ ១០ គីឡូម៉ែត្រទៀត ឆ្លងទឹកផង ទួលផង ទើបទៅដល់ទឹកធ្លាក់ទី ១។ យើងអាចកម្សាន្តនៅទឹកធ្លាក់នេះក៏បាន តែបើចង់ទៅដល់ទឹកធ្លាក់ខ្ពស់បំផុតត្រូវថ្មើរជើងប្រមាណ ៣០ នាទីទៀត។ បើចង់បោះតង់នៅទីនេះគប្បីមិនអាចខ្វះបានឡើយនូវអ្នកនាំផ្លូវ៕