ហូតលុយ ១០ ម៉ឺនទៅដើរលេងកំពត កុំភ្លេចឈាងចូលហាងកាហ្វេថ្មីចែសទើបបើក ទេសភាពស្រស់ស្អាតណាស់
ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ១៤៧ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកំពត ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ព្រមទាំងផ្ទះលម្ហែ បឹងហ្គាឡូដេរដាស ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរឱ្យចង់ទៅទស្សនាកម្សាន្ត ក្រោយសម្រាកពីការងារថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃបុណ្យឈប់សម្រាក ជាដើម។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវហាងកាហ្វេលម្ហែមួយកន្លែង ដែលមានទេសភាពស្រស់ត្រកាល ទើបតែបើសម្ពោធលក់ថ្មីៗ គ្នុងទឹកដីខេត្តកំពត នៅទីនោះមានឈ្មោះថា «កាហ្វេជ្រលងភ្នំ Villa hill Kampot»។
សម្រាប់ប្រិយមិត្តដែលចង់រកន្លែងសាកថ្មជាមួយធម្មជាតិនៅចុងសប្ដាហ៍ ឬ ថតរូបស្អាតៗនៅទីតាំងថ្មីៗ អាចឡើងទៅសាកនៅកាហ្វេជ្រលងភ្នំបាន។ កាហ្វេជ្រលងភ្នំ នៅ Villa hill Kampot ចាប់ផ្ដើមបើកលក់នៅថ្ងៃសៅរ៍- អាទិត្យ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤។ ចំពោះទីតាំងវិញ គឺនៅទឹកឈូកំពត ផ្លូវឡើងតាមវត្តគិរីឱសថទឹកជប់ប្រហែល ១០ នាទី។ ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខ 093 532 999/ 060 558 999៕
រូបភាព ៖ Villa Hill Kampot