តស់! ប៉ុន្មានថ្ងៃទៀតដល់ ៨ មីនាហើយ ណាត់គ្នាដើរលេងស្ទឹងត្រែងម្តង ៧ កន្លែងនេះទេសភាពស្អាត ខ្យល់បរិសុទ្ធ ធានាទៅហើយជាប់ចិត្ត
ខេត្តស្ទឹងត្រែង គឺជាខេត្ដមួយស្ថិតនៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៤៨១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានព្រំដែនជាប់ជាមួយខេត្ត ២ របស់ប្រទេសឡាវ គឺ ខេត្តចំាប៉ាសាក់ និង ខេត្តអត្តពឺ។ ខេត្តនេះដែរ មានស្រុកចំនួន ៣ ដែលមានព្រំដែនជាប់ជាមួយឡាវ គឺក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និង ស្រុកសៀមប៉ាង និង មានឃុំចំនួន ៧ គឺ សង្កាត់សាមគ្គី ឃុំព្រះរំកិល និង ឃុំអូរស្វាយ ឃុំព្រែកមាស ឃុំសន្តិភាព ឃុំស្រែសំបូរ និង ឃុំថ្មកែវ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ចំនួន ៧ កន្លែង ក្នុងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ ដកចិត្តមិនរួច ទៅម្ដងហើយ ចង់ទៅម្ដងទៀត។
១. ទឹកធ្លាក់ព្រះនិមិត្ត
ទឹកធ្លាក់ព្រះនិមិត្ត ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ ២ នៃស្រុកឆែប ចម្ងាយជាង ១៤០ គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តព្រះវិហារ ដោយជាប់គ្នានឹងព្រំដែនរបស់ប្រទេសឡាវ ព្រមទាំងខេត្តស្ទឹងត្រែង ផងដែរ។ រមណីយដ្ឋានមួយនេះ មានធម្មជាតិស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យចង់ទៅកម្សាន្ត។ ចំពោះផ្នែកអេកូទេសចរណ៍ ភ្ញៀវអាចគយគន់សម្រស់ព្រៃឈើ ភ្នំ និង ងូតទឹកលេងកម្សាន្តសប្បាយ។ ថ្វីដ្បិតតែតំបន់ទឹកធ្លាក់ព្រះនិមិត្ត នៅឆ្ងាយដាច់ស្រយាលពីទីក្រុង ប៉ុន្តែសក្ដានុពលរបស់កន្លែងមួយនេះ នៅតែទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិមកពីច្រើនកន្លែង ឱ្យទៅលេងកម្សាន្ត ព្រោះតែមានទន្លេមេគង្គហូរកាត់ប្រទេសឡាវ ចាក់មកស្រុកមួយនៃខេត្តព្រះវិហារ ដែលជាប់គ្នានឹងព្រំប្រទល់ខេត្តស្ទឹងត្រែង បង្កើតបានជាល្បាក់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយ។
២. កោះហាន
កោះហាន ជាឋានសួគ៌បៃតង លើដី និង ផ្ទៃទឹកនៃតំបន់អភិរក្សជីវចម្រុះនៃតំបន់រ៉ាំសារ តាមដងទន្លេមេគង្គលើ នាខេត្តស្ទឹងត្រែង ស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ដែលអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រទៅដល់កំពង់ដរចម្លងសហគមន៍ និង ជិះទូកបន្តឆ្ពោះទៅកោះស្នែង។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានចំនួន ៤ ភូមិ គឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និង ភូមិជាំធំ។ នៅទីនោះ មានទេសភាពស្រស់ស្អាត ជាមួយឆ្នេរខ្សាច់សក្បុស អាចជិះកៃយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចម្អិន ដោយសហគមន៍បាន ហើយកាន់តែពិសេស ភ្ញៀវទេសចរក៏អាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាំសារផងដែរ។
៣. រុំាសា (តំបន់អភិរក្សលិចទឹក)
ព្រៃលិចទឹកនៅតាមដៃទន្លេមេគង្គ ជាកន្លែងកម្សាន្តដ៏កម្រមួយនៅប្រទេសកម្ពុជា ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញ ហើយព្រៃលិចទឹកនេះ ត្រូវបានគេហៅថា «រុំាសា» (តំបន់អភិរក្សលិចទឹក) មានចម្ងាយរាប់គីឡូម៉ែត្រតាមដងទន្លេមេគង្គ។ តំបន់នេះ ស្ថិតនៅឃុំអូរស្វាយ ស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង ដែលមានសត្វផ្សោតតាមដងទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនទៀត ពោលគឺប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងពីទឹកតាមបណ្តោយទន្លេមេគង្គ ដោយបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ប្រសើរ ជាជម្រកដ៏ប្រសើរសម្រាប់សត្វព្រៃ ជាពិសេសហ្វូងបក្សាបក្សី និង ជាជម្រកត្រីដ៏ប្រសើរក្នុងរដូវវស្សា។
៤. អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល
អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ដែលស្ថិតនៅចំណុចអន្លង់ឈើទាល ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅទីនេះ ត្រូវបានគេចាត់ទុកដូចជា គ្រាប់ពេជ្រទេសចរណ៍ជាប់ដងទន្លេមេគង្គក្នុងតំបន់ភូមិភាគឦសាន បើទោះបីជាវាហាក់នៅដាច់ឆ្ងាយតែឯងបន្តិច ប៉ុន្តែតំបន់ទេសចរណ៍ធម្មជាតិដ៏ត្រកាលនេះ ក៏បានទាក់ទាញចិត្តភ្ញៀវទេសចរពីតាមខេត្ត-រាជធានី ឱ្យមកកម្សាន្តលំហែអារម្មណ៍តាមរយៈការជិះទូកទស្សនាតាមដៃទន្លេ គយគន់ទេសភាពព្រៃព្រឹក្សា កោះ ជ្រោះ ភ្នំ ស្រូបខ្យល់អាកាសបរិសុទ្ធ មើលសត្វស្លាបជាច្រើនប្រភេទ ពិសេសបានឃើញផ្ទាល់ពីជីវិតរស់នៅដ៏កម្ររបស់ផ្សោតទន្លេមេគង្គ ដែលប្រដេញគ្នាចាប់ត្រី និង ប្រឡែងលើផ្ទៃទឹកទៅតាមសភាវៈធម្មជាតិ។
៥. ទឹកហូរអូរច្រឡង់ ឬហៅថា អូរវែង
ទឹកហូរអូរច្រឡង់ ឬហៅថា អូរវែង ដែលស្ថិតនៅចម្ងាយ ៤៤ គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង ប្រៀបដូចជា «ក្រមុំព្រហ្មចារី» នៅក្នុងព្រៃស្ងប់ស្ងាត់ បែបធម្មជាតិសុទ្ធសាធ ហើយភ្ញៀវទេសចរភាគច្រើន នៅមិនទាន់ស្គាល់ ឬទៅលេងច្រើននោះទេ។ ទឹកហូរអូរច្រឡង់ ស្ថិតនៅភូមិអូរច្រឡង់ ឃុំម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយនៅទីនេះអាចឱ្យភ្ញៀវលេងទឹកដ៏ថ្លាឈ្វេង និង មើលព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតសងខាងអូរ ដោយអូរនេះ មានប្រវែងប្រហែល ១ គីឡូម៉ែត្រ (គិតតែតំបន់ដែលអាចលេងបាន)។
៦. រមណីយដ្ឋានអូរពងមាន់
រមណីយដ្ឋានអូរពងមាន់ ជាប្រភេទរមណីយដ្ឋានធម្មជាតិ និង កែច្នៃ មានទីតាំងស្ថិតនៅ ភូមិពងមាន់ ឃុំអូរពងមាន់ ស្រុកស្ទឹងត្រែង មានចម្ងាយ ៩ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង គឺជាកន្លែងកម្សាន្ត ដែលមនុស្សជាច្រើនមានការចាប់អារម្មណ៍ ព្រោះរមណីយដ្ឋាននេះ មានប្រភពទឹកពីក្នុងដីចម្ងាយពីតំបន់កម្សាន្ត ៥០ គីឡូម៉ែត្រហូរខួបប្រាំងខួបវស្សា ចូលទៅក្នុងបឹងមួយធំមានលក្ខណៈជាអាងស្តុកទឹក សម្រាប់ទេសចរសម្រាកលំហែកាយដូចជា ស្ទូចត្រី និង ងូតទឹកកម្សាន្ត។
៧. រមណីយដ្ឋានថាឡាបរិវាត់
រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងស្ថិតនៅក្នុងស្រុកថាឡាបរិវាត់ មានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង ដែលត្រូវធ្វើដំណើរឆ្លងកាត់ទន្លេសេកុង និង ទន្លេមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលនៅក្នុងតំបន់នោះមាន ប្រាសាទព្រះគោ កសាងឡើងនៅចុងសតវត្សរ៍ទី ៧ ដើមសតវត្សទី ៨ ធ្វើអំពីឥដ្ឋក្រហមក្នុងរជ្ជកាលស្ដេចជ័យវរ័្មនទី ១ ដោយនៅមុខប្រាសាទមានរូបសំណាក់ព្រះគោ ហើយរមណីយដ្ឋានថាឡាបរិវាត់នេះ នៅមានក្រុមប្រាសាទតូចធំជាច្រើនទៀតនៅជិតៗនោះ ហើយភាគច្រើនត្រូវបាក់បែកដូចជា ប្រាសាទ ៩ ល្វែង ប្រាសាទស្រី ប្រាសាទអង្គរខ្មៅជាដើម៕