![(វីដេអូ) ច្រើនតែឃើញនៅទឹកសាប! រំភើបតិចអី ជិះទូកលេងនៅសមុទ្រសុខៗ ឃើញផ្សោតទាំងហ្វូងហែលទឹកលេងប្រដេញគ្នា](https://www.popular.com.kh/wp-content/uploads/2024/01/Dolphins-F.jpg)
(វីដេអូ) ច្រើនតែឃើញនៅទឹកសាប! រំភើបតិចអី ជិះទូកលេងនៅសមុទ្រសុខៗ ឃើញផ្សោតទាំងហ្វូងហែលទឹកលេងប្រដេញគ្នា
កាលពីពេលថ្មីៗនេះ វីដេអូបង្ហោះមួយបង្ហាញឱ្យឃើញសកម្មភាពសត្វផ្សោតមួយហ្វូងកំពុងតែលេងទឹកសមុទ្រនាទឹកដីខេត្តកោះកុង កំពុងត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញការចាប់អារម្មណ៍ ដោយយល់ថានេះគឺជាករណីកម្រ ព្រោះភាគច្រើនគេអាចមើលផ្សោតបានតែនៅតាមទឹកសាបប៉ុណ្ណោះ។
យោងតាមវីដេអូបង្ហោះពីដំណើរកម្សាន្តមួយរបស់ហ្វេសប៊ុកផេកមួយឈ្មោះ Serei / សេរ៉ី បានឱ្យដឹងថា ក្រុមទេសចរណ៍របស់លោកបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់កោះកុងក្រៅ ក្នុងខេត្តកោះកុង ស្រាប់តែពេលជិះទូកលេងកម្សាន្តក៏បានប្រទះឃើញហ្វូងផ្សោតសមុទ្រមួយក្រុម ចេញមកហែលទឹកលេងកម្សាន្តយ៉ាងសប្បាយប្លែកអារម្មណ៍ ហើយលោកក៏បានឱ្យដឹងដែរថា ទីតាំងដែលលោកបានប្រទះឃើញផ្សោតនេះគឺនៅជិតឆ្នេរទី ៤ នៃកោះកុងក្រៅ ប៉ុន្តែអ្វីដែលកាន់តែរំភើបនោះគឺ នេះគឺជាដំណើរកម្សាន្តលើកទី ៣ របស់លោកទៅតំបន់នេះហើយ តែវាជាលើកទី ១ ដែលលោកបានឃើញផ្សោតសមុទ្រហែលទឹកលេងយ៉ាងសប្បាយរីករាយបែបនេះ។
គួរឱ្យដឹងដែរថា សត្វផ្សោតសមុទ្រជាច្រើនក្បាលបាន និង កំពុងរស់នៅយ៉ាងសប្បាយរីករាយនៅលើសមុទ្រក្នុងទឹកដីខេត្តកោះកុង ប្រទេសកម្ពុជា ហើយជារៀងរាល់រដូវខែវិច្ឆិកា ដល់ខែមេសា សត្វផ្សោតជាច្រើនក្បាលតែងចេញមកប្រមាញ់រកចំណីយ៉ាងសប្បាយរីករាយ ប្រលែងប្រដេញគ្នាស្ទើររៀងរាល់យប់ថ្ងៃ ដែលជាទស្សនីយភាពមួយគួរជាទីគយគន់ពេកណាស់៕
ប្រភពរូបភាព និង វីដេអូ ៖ Serei / សេរ៉ី