ស្អាងភ្នំរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង
រមណីយដ្ឋាន ស្អាងភ្នំ ស្ថិតក្នុង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងតាខ្មៅ និង ជាង ៣០ គីឡូម៉ែត្រ ពីភ្នំពេញ ។ស្អាងភ្នំជា ជារម្មណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ ដែលមាឈ្មោះបោះសម្លេងតាំងពីយូរលង់ណាស់មកហើយ។
ដើម្បីធ្វើដំណើរទៅទស្សនាកម្សាន្តនៅរមណីយដ្ឋាននោះ ភ្ញៀវទេសចរត្រូវចេញដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី ដែលជាផ្លូវលើកថ្មីជំនាន់ប៉ុលពត ហើយធ្វើដំណើរតាមនោះនឹងកាត់តាមតំបន់វាលទំនាបទួលក្រសាំង ។ ពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី និង ជួបលេខ ២១ ចាស់ត្រង់ ចំណុចវត្ត ឈូងលៀប ក្នុងឃុំរកាខ្ពស់ ដែលមានចម្ងាយប្រហែល ១២ គីឡូម៉េត្រ។ ដល់វត្តឈូងលៀប រួចបន្តដំណើរទៅដល់ផ្សារ ស្រុកស្អាង ទើបមានផ្លូវបំបែកចូលខាងស្តាំដៃមូយ ។ ធ្វើ
ដំណើរតាមផ្លូវនោះចម្ងាយ ២, ៥ គីឡូម៉ែត្រដល់ក្លោងទ្វារវត្ត រួមមានផ្លូវបំបែកចូលខាងស្តាំបន្តិច ទើបដល់រមណីយដ្ឋាននោះ ។ រមណីយដ្ឋានស្អាងភ្នំនេះ ជាប្រភេទរមណីយដ្ឋាន ធម្មជាតិ និង វប្បធម៌ ដែលនៅទីនោះមានវត្តមួយសង់នៅលើកំពូលភ្នំខ្ពស់ជាងគេ ដែលគេមើលទៅឃើញទិដ្ឋភាពល្អប្លែកជុំវិញតំបន់នោះ ។ រមណីយដ្ឋានស្អាងភ្នំនេះ ពុំសូវសំបូរដើមឈើ ដូចនៅ ភ្នំធនមន្តឡើយ ប៉ុន្តែនៅជុំវិញវត្ត គឺមានបឹងយ៉ាងធំមួយ ដែលមានដុះទៅដោយ ផ្ការំចង់ និង ព្រលិត ។ លើសពីនេះទៅទៀ់ត នៅក្នុងបឹងជុំវិញភ្នំនេះ គឺសំបូរត្រីណាស់ អ្នកទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាននោះ ក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រីផងដែរ ។ នៅរដូវវស្សាស្អាងភ្នំ គឺប្រៀបបីដូចជាកូនកោះមួយ ដែលព័ទ្ធជុំវិញ ទៅដោយផ្ទៃទឹកធំល្វឹងល្វើយ ។
រលកនៃខ្យល់បោកបក់មកប៉ះជើងភ្នំ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ បំបាត់នូវការនឿយហត់ ។ នៅទីនោះ មានលក្ខណៈត្រជាក់ប្រកបដោយខ្យល់អាកាសបរិសុទ្ធ និង ព្រៃល្បះនៅជុំវិញជើងភ្នំ ។ រមណីយដ្ឋាននេះ មានភ្ញៀវជាតិទៅកម្សាន្តច្រើន នារដូវបុណ្យទាន ឬ បុណ្យប្រពៃណីជាតិ និង ថ្ងៃឈប់សំរាកជាដើម ។ បច្ចុប្បន្ននេះមន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដាំកូនឈើ និង ធ្វើសណ្តាប់ធ្នាប់អនាម័យ សន្តិសុខនៅតំបន់នោះបានយ៉ាងល្អប្រសើរ ជូនភ្ញៀវទេសចរលេងកំសាន្ត ៕
ដោយ÷សុថាត់