Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អាជ្ញាធរជាតិអប្សរាជួសជុលចម្លាក់តោ និង ព្រះពុទ្ធរូប នៅប្រាសាទប្រែរូប
ទៅណា

អាជ្ញាធរជាតិអប្សរាជួសជុលចម្លាក់តោ និង ព្រះពុទ្ធរូប នៅប្រាសាទប្រែរូប

ធ្នូ ១០, ២០១៧

នៅពេលនេះមន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី ៥ ផ្នែកខាងជើង និង ខាងត្បូង ព្រមជាមួយបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គទៀត ស្ថិតក្នុងប្រាង្គកណ្តាលនៃប្រាសាទប្រែរូប ជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ ។

ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្មកំពុងរៀបចំរន្ទា និង ស្ទូចចម្លាក់តោដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួនដើម្បីធ្វើការជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយក៏ត្រូវសម្រង់ចុះបញ្ជី និង សិក្សាប្រភពសម្រាប់យកទៅតភ្ជាប់ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ ។ គម្រោងជួសជុលចម្លាក់តោ និង ព្រះពុទ្ធរូប នឹងគ្រោងចំណាយពេលវេលាសម្រាប់ថែទាំ ជួសជុលប្រមាណ ៦ ខែ សម្រាប់ដំណើរជួសជុលរួចរាល់ ។

បដិមារូបព្រះពុទ្ធអំពីថ្មភក់ដែលទ្រង់ឈរពីរអង្គជាប់គ្នានេះ បានបាត់ព្រះកេសទាំងស្រុង និង ដាច់ត្រឹមកជើង ហើយអាចត្រូវបាននាំទៅតម្កល់ក្នុងប្រាសាទនេះក្នុងសម័យកណ្តាល សតវត្យរ៍ទី ១៥-១៦ គឺកំឡុងពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ដ្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។

លោក ឡុង ណារី អ្នកដឹកនាំគម្រោងជួសជុលនេះបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ពីពេលវេលា និង មូលហេតុដែលចម្លាក់តោទាំងនេះបាក់ធ្លាក់ពាក់កណ្តាលខ្លួនទៅជាន់ខាងក្រោមនោះទេ ។ ផ្អែកតាមស្លាកស្នាមដែលសេសសល់ ចម្លាក់តោទាំងនេះគឺកន្លងមកធ្លាប់ទទួលការជួសជុលដោយសាលាបារាំងចុងបូព៌ា (EFEO) ។ ស្ថានភាពបច្ចុប្បន្នចម្លាក់តោបង្ហាញអំពីស្នូលដែកដែលបានប្រើប្រាស់សម្រាប់ពង្រឹង បានរងការពុកផុយខ្លាំង ។ ដូចនេះចម្លាក់អាចត្រូវរបេះធ្លាក់ដោយសារការថយចុះនៃគុណភាពសម្ភារពង្រឹងទាំងនោះ ។

លទ្ធផលលើផ្នែកកិច្ចការថែទាំ អភិរក្ស និង ជួសជុលចម្លាក់បដិមានៅប្រាសាទប្រែរូបក្នុងលើកនេះ គឺបានជួសជុលរួចរាល់នូវចម្លាក់តោចំនួន ៣ និង ក្បាច់ចម្លាក់ផ្តែរចំនួនពីរ នៅប៉មជ្រុងឦសាន និង ជ្រុងពាយ័ព្យផ្នែកខាងលើ និង ចម្លាក់ពុកផុយលើសសរពេជ្រមួយចំនួនទៀត ។

បំណងនឹងជម្រើសនៃការជួសជុលចម្លាក់តោ និង ចម្លាក់ព្រះពុទ្ធរូបអំពីថ្មភក់នេះ គឺដើម្បីផ្តល់ការលើតម្លៃវត្ថុសិល្បៈ ពិសេសសម្រាប់ផ្នែកសាសនា ហើយរាល់ដំណាក់កាលនីមួយៗនៃដំណើរការជួសជុលត្រូវគោរពនូវបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពោលគឺរាល់បំណែកថ្មតូចធំទាំងឡាយដែលរបេះដាច់ចេញពីទម្រង់ដើមនៃចម្លាក់ត្រូវការប្រមូល ព្រមទាំងធ្វើកំណត់ត្រាជាក់ច្បាស់ ដោយគិតលើគុណភាពថ្ម និង លទ្ធភាពអាចយកទៅប្រើប្រាស់ឡើងវិញក្នុងការតភ្ជាប់គ្នាតាមទម្រង់ដើមនៃបដិមា ។

ដោយឡែក កិច្ចការសម្អាតលើផ្ទៃថ្ម ជាបច្ចេកទេសចាំបាច់សម្រាប់ជម្រះជាតិអំបិលដែលបន្សល់នូវកំណកជាច្រើនស្អិតជាប់នៅលើផ្ទៃថ្មទាំងនោះ ។  ក្នុងនោះការជួសជុលក៏មានការផ្លាស់ប្តូរសម្ភារចាស់ៗដូចជា ដែកទាមដែលពុកផុយ បានផ្លាស់ប្តូរដែកទាមថ្មី និង បិទភ្ជិតបាយអថ្មីចូលក្នុងស្នាមប្រហោងតូចឆ្មារ រួមទាំងភ្ជិតស្នាមប្រេះសម្រាប់ការពារនូវជម្រាបទឹក ។   ចំពោះព្រះកេសដែលបាត់បង់របស់ព្រះពុទ្ធរូបទាំងពីរ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមដើម្បីនាំយកទៅតភ្ជាប់ឡើងវិញ ។

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ដឹកនាំនឹងអនុវត្តការងារផ្ទាល់ដោយកូនខ្មែរ ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រ និង បទពិសោធន៍ជាមួយការដ្ឋានបរទេស ហើយបន្តបច្ចេកទេសនេះសម្រាប់សង្រ្គោះបេតិកភណ្ឌវប្បធម៌តាមរយៈការជួសជុលរាល់ក្បាច់ចម្លាក់ដែលរងការពុកផុយទាំងឡាយនៅតាមប្រាសាទនានាក្នុងតំបន់អង្គរថ្ម ៕ សុថាត់

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់