
ស្អាតដូចក្នុងចម្រៀងរៀបរាប់មែន! ទេសភាពភូមិបាក់ព្រានារដូវវស្សាស្អាតខ្លាំង កំពុងទាញចំណាប់អារម្មណ៍ចង់ទៅកម្សាន្ត
ថ្មីៗនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានមហាជនជាច្រើនហាក់បង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពបង្ហោះជាច្រើនសន្លឹករបស់គណនីហ្វេសប៊ុកមួយ ដែលបានបង្ហាញឱ្យឃើញពីទេសភាព និង ទិដ្ឋភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភូមិបាក់ព្រា ខេត្តបាត់ដំបង។
យោងតាមរូបភាពបង្ហោះជាច្រើនសន្លឹករបស់គណនីហ្វេសប៊ុកព្រះតេជគុណមួយអង្គ ព្រះនាម Saret Sayon ដែលជាព្រះសង្ឃមួយអង្គមានជំនាញក្នុងការផ្ដិតយករូបភាពទេសភាព បានធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះទេសភាព និង ទិដ្ឋភាពប្រជាពលរដ្ឋរស់នៅ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ភូមិបាក់ព្រា នាស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានធ្វើឱ្យមហាជនមួយចំនួននឹកឃើញដល់បទចម្រៀងជំនាន់ដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា ហើយអ្នកខ្លះទៀតក៏បានចូលទៅបញ្ចេញមតិ ក៏ដូចជាចែករំលែកបន្តនូវរូបភាពបង្ហោះទាំងនោះឱ្យដឹងថា ទេសភាពទាំងនេះស្អាតដូច ដែលចម្រៀងជំនាន់ដើម បានរៀបរាប់ពិតមែន។
ទន្ទឹមនឹងការសរសើរ ក៏ដូចជាមានការចាប់អារម្មណ៍ចំពោះរូបភាពបង្ហាញពីតំបន់ភូមិបាក់ព្រានេះហើយ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក៏បានចែករំលែករូបភាពទាំងនោះជាបន្តបន្ទាប់ ព្រមទាំងបានដាក់គោលដៅថានឹងទៅលេងតំបន់ភូមិបាក់ព្រានេះនៅពេលណាមួយ ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនេះផ្ទាល់ភ្នែក ជាពិសេសគឺបានឃើញនូវសំណង់ចាស់បុរាណផងដែរ។
គួរឱ្យដឹងដែរថា តំបន់ភូមិបាក់ព្រា ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាភូមិចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោចផ្សារពន់ប្រមាណ។ តំបន់បាក់ព្រា ដែលស្ថិតនៅប៉ែកខាងកើតនៃខេត្តបាត់ដំបងនេះ យើងអាចធ្វើដំណើរទៅទីនោះបានដោយម៉ូតូ (ជិះកាត់ព្រៃរនាម) នៅរដូវប្រាំង និង ធ្វើដំណើរតាមទូកនៅរដូវវស្សា ហើយទេសភាពនៅទីនោះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលអាចឱ្យទេសចរឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះក៏ដូចជា មានសត្វ និង ធម្មជាតិជាច្រើនប្លែកៗ ព្រោះទីនោះក៏ជាជម្រកត្រីដ៏ធំមួយនៅប្រទេសកម្ពុជាផងដែរ៕
រូបភាពដោយ ៖ ព្រះតេជគុណ Saret Sayon