ល្ងាចនេះចង់ត្រលប់ទៅទ.វទី ៦០-៧០ យើងសូមណែនាំបារ ៥ កន្លែងនេះ
បំពេញការងារស្ទើរពេញមួយសប្តាហ៍ ជួបបរិយាកាសដដែលៗ ល្មមដល់ពេលដកខ្លួនទៅលម្ហែអារម្មណ៍ជាមួយបរិយាកាសប្លែកៗវិញម្តង។ ល្ងាចចុងសប្តាហ៍នេះ បើប្រិយមិត្តមិនទាន់ដឹងទៅកន្លែងណា យើងសូមនាំប្រិយមិត្តទៅសាកល្បងផ្លាស់ប្តូរអារម្មណ៍ ជាមួយការ Chill នៅកន្លែងដែលមានការតុបតែងនាំលោកអ្នកត្រលប់ទៅកាន់ទ.វទី ៦០-៧០ វិញម្តង។
១. Domrey Lounge
មានទីតាំងស្ថិតនៅតាមបណ្តោយវិថី ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទីនេះជាបារតូចច្រឡឹងមួយដែលមានបរិយាកាសរៀបចំបែបក្លាសិកលាយឡំភាពអេឡេហ្គង់។ យើងអាចរីករាយជាមួយតន្ត្រីលន្លង់លន្លោចកំដរអារម្មណ៍មានទាំងចម្រៀងបែបទ.វទី៦០-៧០ និងសម័យទំនើប ជួនមានក្រុមតន្ត្រីច្រៀងផ្ទាល់ផងដែរ។ លក្ខណៈពិសេសមានបម្រើមុខម្ហូបខ្មែរបែបច្នៃប្រតិដ្ឋ សូម្បីតែភេសជ្ជៈស្រាក្រឡុកក៏ត្រូវបានបង្កើតថ្មីរសជាតិប្លែក ព្រមទាំងដាក់ឈ្មោះបែបខ្មែរទៀតផង។
២. Bouchon Wine Bar
ជាផ្ទះសល់ពីសម័យអាណានិគមបារំាង វាត្រូវបានរៀបចំឡើងវិញក្លាយជាបារមួយដ៏ពេញនិយមពីសំណាក់ភ្ញៀវខ្មែរ និងបរទេស។ មានបារចាំទទួលចំនួនពីរមួយនៅសួនច្បារខាងក្រោម និងមួយទៀតនៅខាងលើដែលផ្តល់បរិយាកាសប្លែកមួយបែប។ ទីនេះបម្រើមុខម្ហូបបែបបារាំង អមជាមួយស្រាក្រហមបារាំងនាំចូលដល់ទៅ១០០ម៉ាក ជាពិសេសស្រាក្រឡុកតែងតែអាប់ឌែតថ្មីជានិច្ច។ បើតាមបទពិសោធទីនេះស្រាក្រឡុកឆ្ងាញ់បំផុត។ បើមកចំថ្ងៃពុធ និងថ្ងៃសុក្រ មានការក្រុមតន្ត្រីច្រៀងផ្ទាល់បទសម័យទ.វទី៦០-៧០ កំដរអារម្មណ៍យ៉ាងរីករាយ។ អូ! ចំពោះទីតាំងស្ថិតនៅលើផ្លូវ១៧៤ ក្បែរទៅនឹងវិទ្យាល័យព្រះស៊ីសុវត្ថិ។
៣. BattBong Restaurant & Bar
បារនេះធ្វើជាស្ទីលបែបផ្ទះបោះបង់ចោល តែរៀបចំមានលក្ខណៈបែបក្លាសិក ដែលពេលបោះជំហានចូលភ្លាមនឹងធ្វើឱ្យយើងផ្លាស់ប្តូរអារម្មណ៍រហ័សភ្លែតដូចបានត្រឡប់ទៅកាន់អតីតកាល។ បើកពីម៉ោង ៦ ល្ងាចដល់ពាក់កណ្តាលយប់ បារនេះស្ថិតក្នុងប្លុក Langka Lane។ អ្នកចូលចិត្តគ្រឿងសមុទ្រ សាច់ស្តេក អាហារបរទេស ពិសេសស្រាក្រឡុកប្លែកៗដឹងតែត្រូវចិត្ត។
៤. Chapter II
អគារអាយុកាលជាង ១០០ ឆ្នាំ ត្រូវបានកែប្រែទៅជាបារបែប Vintage មួយដ៏គួរឱ្យទាក់ចិត្ត។ ខាងក្នុងរចនាបែបទូរទេះភ្លើងប្រណីត យើងអាចមានជម្រើសអង្គុយនៅជាន់ក្រោម ឬជាន់ខាងលើដែលមានរៀបចំលក្ខណៈបែបផ្ទាល់ខ្លួន។ ស្ថិតតាមបណ្តោយផ្លូវ ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ បារនេះមានបម្រើមុខម្ហូបក្លែមបែបបរទេស អមជាមួយស្រាវីស្គីច្រើនជម្រើស រួមទាំងស្រាក្រឡុកផងដែរ។
៥. The Attic
ស្ថិតនៅក្នុងសណ្ឋាគារ Hyatt Regency Phnom Penh ទីនេះជាផ្ទះនាសម័យអាណានិគមបារាំងដែលបានប្រែក្លាយជាបារនីយដ្ឋានដ៏ឆើតឆាយ និងមានមន្តស្នេហ៍ជាមួយនឹងការបន្សល់ទុកអនុស្សាវរីយ៍ជាច្រើន។ ទីនេះបើកពីថ្ងៃពុធដល់ថ្ងៃចន្ទ ជាពិសេសពីថ្ងៃពុធដល់ថ្ងៃសុក្រមានការប្រគំផ្ទាល់តន្ត្រីហ្សាសកំដរអារម្មណ៍យ៉ាងរ៉ូមែនទិក ធានាថាត្រូវចិត្តសម្រាប់គូស្នេហ៍៕