
ធុញថប់មែនទេ? មោះថ្ងៃអាទិត្យ! ទៅកំពូលស្កាយបារទល់មេឃ ៣ កន្លែងនេះ អាចរំដោះស្ត្រេសបន្ធូរអារម្មណ៍មួយអ៊េម
បំពេញការងារស្ទើរពេញមួយសប្តាហ៍ ល្មមដល់ពេលដែលអ្នកគួរតែងាកមករំសាយអារម្មណ៍ ដោយទៅលម្ហែនៅកន្លែងមានខ្យល់អាកាសល្អ និងទស្សនាទិដ្ឋភាពទូលាយភ្នែកវិញម្តង។ មិនបាច់ធ្វើដំណើរទៅកន្លែងណាឆ្ងាយ «ប្រជាប្រិយ» សូមណែនាំកន្លែងលម្ហែកាយលើអាកាសក្នុងក្រុងភ្នំពេញចំនួន ៣ ដែលជាស្កាយបារស្ថិតនៅជាន់ខ្ពស់ អនុញ្ញាតឱ្យយើងបានសន្ទនាក្រោមពន្លឺព្រះចន្ទ លាយឡំគយគន់ទិដ្ឋភាពភ្លើងពណ៌ស៊ីវិល័យនាពេលរាត្រី។
១. Sora Phnom Penh
ស្ថិតនៅជាន់ទី ៣៧ នៃអគារ Vattanac Capital បារមួយនេះអំណោយផលសម្រាប់លម្ហែអារម្មណ៍គយគន់ទិដ្ឋភាពថ្ងៃរៀបលិច រហូតដល់ទីក្រុងបញ្ចេញភ្លើងពណ៌ឆើតឆាយនាពេលរាត្រី។ បើកចាប់ពីម៉ោង ៥ ល្ងាចដល់ពាក់កណ្តាលយប់ មកទីនេះតម្រូវឱ្យអ្នកស្លៀកពាក់សមរម្យ និង ហាមចំពោះស្បែកជើងផ្ទាត់។ បារនេះមានកន្លែងអង្គុយទាំងខាងក្នុង និង ខាងក្រៅ ដោយភ្ជាប់មកជាមួយបារវីស្គីសម្រាប់អ្នកចូលចិត្តខូឡិកហ្សិនស៊ីហ្គាច្រើនម៉ាកច្រើនជម្រើសល្បីៗ និង Sigle malt whiskey ផងដែរ។ ចំពោះស្រាក្រឡុក បច្ចុប្បន្នមាន Menu ថ្មីឈ្មោះថា The Book of Yokai ដែលដកស្រង់ចេញពីទេវកថារបស់ជប៉ុន សំខាន់ក្នុងនោះបានប្រើគ្រឿងផ្សំរបស់ខ្មែរ ដូចជាអង្ករ ស្ករក្រហម និង ម្រេចកំពត មកបង្កើតមុខស្រាក្រឡុកច្រើនរសជាតិគួរឱ្យចាប់អារម្មណ៍។
២. HighGround Skybar
បង្កប់ខ្លួនលើកំពូលអគារ Amass Central ក្នុងតំបន់បឹងកេងកង ១ ទីនេះអនុញ្ញាតឱ្យយើងបានទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេនៃទន្លេ ព្រះបរមរាជវាំង រួមទាំងទីក្រុងភ្នំពេញយ៉ាងស៊ីវិល័យ។ ស្កាយបារចំទើតខ្លួនកណ្តាលក្រុងនេះ មានបម្រើនូវមុខម្ហូបលំដាប់អន្តរជាតិទាំងអាស៊ី និង អឺរ៉ុប រួមជាមួយជម្រើសច្រើនម៉ាកនូវស្រាក្រឡុក ស្រាវីស្គី ស្រាបៀរ និង ស្រាក្រហម។
៣. Celeste Revolving Skybar
ចំណុចដ៏ពិសេសមួយដែលធ្វើឱ្យស្កាយបារនេះលេចធ្លោដាច់គេ គឺស្កាយបារនេះអាចវិលបានដែលអនុញ្ញាត ឱ្យយើងបានទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេ ដោយមិនចាំបាច់ផ្លាស់ទី។ ស្ថិតនៅជាន់ទី ៤៣ នៃអគារ The Penthouse ទល់មុខនឹងផ្សារទំនើបអ៊ីអន ១ ស្កាយបារនេះបើកពីម៉ោង ៥ ល្ងាចដល់ពាក់កណ្តាលយប់ អ្នកនឹងអាចរីករាយជាមួយជម្រើសមុខម្ហូបអាស៊ី និង អឺរ៉ុបបែបច្នៃប្រតិដ្ឋ ជាពិសេសត្រូវចិត្តសម្រាប់អ្នកចូលចិត្តសាច់ស្តេក។ សំខាន់ Signature Cocktail ធានាថាត្រូវចិត្តសម្រាប់អ្នកចូលចិត្តស្រាក្រឡុកប្លែកៗ៕