
តស់សាកថ្មជីវិត! កន្លែងថ្មីចែសនៅកំពង់ឆ្នាំង ទេសភាពស្អាតកប់អាចបោះតង់នៅមាត់ទឹក និយាយរឿងក្នុងចិត្តបានមួយអ៊េម
ខេត្តកំពង់ឆ្នាំង ដែលមានភូមិសាស្ត្រស្ថិតនៅជិតខេត្តកណ្ដាល និង រាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះបានលេចឡើងនូវសមិទ្ធផលរមណីយដ្ឋានជាច្រើន ដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែរំសាយនូវរាល់ទុក្ខកង្វល់ក្នុងជីវិត។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងលម្ហែកម្សាន្តថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកំពង់ឆ្នាំង មានទេសភាពធម្មជាតិស្រស់ស្រាយមិនចាញ់ខេត្តនៅតំបន់កោះ ឬ សមុទ្រឡើយ ដែលនៅទីនោះមានឈ្មោះថា «ផ្ទះដង្ខៅបោះតង់ពយតាជា»។
«ផ្ទះដង្ខៅបោះតង់ពយតាជា» មានទីតាំងស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅទីនោះជាទីកន្លែងសម្រាកលម្ហែបែបសាមញ្ញៗ ស័ក្តិសមបំផុតជាមួយអ្នកដែលចូលចិត្តអារម្មណ៍បោះតង់ជាមួយធម្មជាតិដ៏ស្រស់ស្រាយ ចូលចិត្តភាពស្ងប់ស្ងាត់បែបធម្មជាតិ គ្មានសំឡេងរំខានពីបរិយាកាសខាងក្រៅ។
អ្វីដែលកាន់តែពិសេសទៀតនោះ «ផ្ទះដង្ខៅបោះតង់ពយតាជា» ជាកន្លែងលម្ហែដ៏មនោរម្យបំផុត ដោយសារតែនៅទីនោះសាងសង់ឡើងបែបធម្មជាតិៗជាប់មាត់ទឹក ព្រមទាំងស្ថិតនៅជាប់ជើងភ្នំ ស្រស់ត្រកាលក្រៃលែង ស័ក្តិសមសម្រាប់អ្នកចង់សោយសុខជាមួយធម្មជាតិ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ៕
ប្រភព និងរូបភាព ៖ អាណាចក្រត្រាវែល Anachak Travel