រមណីយដ្ឋានជ្រោះផ្អោក ពិតជាមានទេសភាពទាក់ទាញមែន
បើបានទៅខេត្តតាកែវ លោកអ្នកគួរតែបង្ហួសទៅទស្សនារមណីយដ្ឋានជ្រោះផ្អោកម្តង ព្រោះនៅទីនោះពិតជាមានទេសភាពស្រស់ស្អាតក្រៃលែង ហើយលោកអ្នកនឹងបានទៅទស្សនា ត្បូងមានតម្លៃ ដែលដាក់តាំងលក់យ៉ាងច្រើន ដែលមានប្រភពនៅទីនោះផ្ទាល់តែម្តង ។
ជ្រោះផ្អោកស្ថិតនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ លោកអ្នក អាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងស្រុកគិរីវង្សគឺ នៅជាប់នឹងព្រំដែនកម្ពុជា- វៀតណាម ។ ពេលចេញពីផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមានឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។
នៅរមណីយដ្ឋាន ជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅខែនេះ វាមានទឹកច្រើនហើយត្រូវ នឹង ខែបុណ្យភ្ជុំផង ។ រមណីយដ្ឋានជ្រោះផ្អោកនេះ ក៏ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាច្រើនទៅកម្សាន្តនៅទីនោះ ។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ ធ្វើជាអាងទឹកសម្រាប់ងូតលេងកំសាន្ត ។
នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត ។
នៅទីនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើន ដែលតម្រូវទៅតាមការចូលចិត្តរបស់ភ្ញៀវជាងនេះទៅទៀត ក៏មានលក់វត្ថុអនុសាវរី គឺត្បូងជាច្រើន ច្នៃរួចហើយក៏មាន មិនទាន់ច្នៃក៏មាន ដោយត្បូងនោះរកបានដោយប្រជាជននៅទីនោះផ្ទាល់ ។ ប្រជាជននៅទីនោះភាគច្រើនធ្វើចម្ការដាំដំណាំមានដូចជា ដំឡូង ឪឡឹក ទាប ខ្នុល និង មានផ្លែឈើជាច្រើនមុខទៀត ៕
ដោយ៖សុថាត់ (រូថត ៈphy phy មន្ទីទេសចរណ៍ខេត្តតាកែវ )