ទេសភាពភូមិកំពង់ភ្លុក នារដូវវស្សាពិតជាប្លែក មើលហើយចង់ទៅលេងភ្លាុម !
នៅរដូវវស្សា កំពង់ភ្លុកមានទិដ្ឋភាពថ្មីមួយទៀត ដែលមានទេសភាពស្រស់ត្រកាល ដែលភ្ញៀវទេសចរមិនគួរមើលរំលងឡើយ ។ កំពង់ភ្លុក ជាភូមិធម្មជាតិ ដែលប្រជាជនសាងសងផ្ទះនៅលើផ្ទៃទឹកនៃបឹងទន្លេសាបក្នុងខេត្តសៀមរាប នារដូវវស្សាផ្ទៃទឹកបានឡើងប៉ប្រះនឹងដើមរាំង ព្រមជាមួយផ្ទះសម្បែងរបស់ប្រជាជន បង្កើតបានជាទេសភាពថ្មីមួយទៀត ដែលខុសពីរដូវប្រាំង លំនៅឋាន ដែលមានសសរខ្ពស់ៗផុតពីដី ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរចង់មកទស្សនាទីនេះកាន់ច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
តំបន់កំពង់ភ្លុក ស្ថិតនៅក្នុងទឹកដី ភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង មានចម្ងាយប្រមាណជា ១៩ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយយើងអាចជិះកាណូតទៅតាមដងស្ទឹងរលួស ឬ ទៅតាមកំពង់ថ្កូវក៏បាន ។
កំពង់ភ្លុកបណ្តែតខ្លួននៅលើដីកោះចោលសម្រស់យ៉ាងឆើតឆាយមានផ្ទៃទឹកព័ទ្ធជុំវិញ នៅពេលយើងធ្វើដំណើរទៅដល់ភូមិឋាននេះភ្លាមនោះ យើងនឹងបានឃើញទូកតូចៗដែលអមដោយប្រជាសហគមន៍ និង កាណូតទេសចរណ៍ចតតម្រៀបគ្នាជាជួរៗនៅក្បែរគ្នា រង់ចាំទទួលភ្ញៀវ ។
ប្រសិនបើលោកអ្នកក្រឡេកមើលទៅលើផ្ទៃបឹងវិញនឹងឃើញមានទេសភាពស្រស់បំព្រង រំលេចដោយលំនៅឋាន សាលារៀន វត្តអារាម រួមទាំង កសិដ្ឋានចិញ្ចឹមត្រី កសិដ្ឋានក្រពើជាដើម ។
ការធ្វើដំណើរទៅកាន់កំពង់ភ្លុក គឺជាគោលដៅទស្សនាចរណ៍មួយ ដែលមិនគួរអាក់ខាន ព្រោះនៅទីនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិអាចទស្សនាបានជាមួយផ្ទាំងទស្សនីយភាពប្លែកៗនៃសម្រស់ធម្មជាតិ និង អាចស្វែងយល់ពីជីវភាពរស់នៅ ប្រពៃណីទំនៀមទម្លាប់ ក៏ដូចជាការប្រកបរបរនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋយើងបានយ៉ាងជក់ចិត្ត ។
ប្រជាជននៅទីនោះ រកទទួលទានដោយអាស្រ័យលើការធ្វើនេសាទជាលក្ខណៈគ្រួសារប្រមាណជា ៩០ ភាគរយ សល់ពីនោះប្រកបរបរផ្សេងៗ ។
ភូមិកំពង់ភ្លុក ត្រូវបានអ្នកដំណើរ ជាពិសេសជនបរទេសដែលធ្វើដំណើរដោយកាណូតឆ្លងកាត់ទីនេះហាក់ជាប់ចិត្តក្រៃលែងទៅនឹងបរិយាកាសដ៏ត្រជាក់បរិសុទ្ធ នៅលើផ្ទៃទឹកដ៏ថ្លាយង់ ឃើញមានសំណង់ផ្ទះបណ្តែតទឹក ព្រៃដើមរាំលិចទឹកលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែកនោះ ក៏នៅមានហ្វូងសត្វស្លាបជាច្រើនប្រភេទដូចជាទាទឹក ក្អែកទឹក ប្រវឹក ស្មោញជាដើមហោះហើររកចំណីនៅលើផ្ទៃទឹកដងស្ទឹង ។
សព្វថ្ងៃ កំពង់ភ្លុកបានក្លាយទៅជាកន្លែង ដែលមានការទាក់ទាញបំផុតពីសំណាក់ភ្ញៀវទេសចរ ពិសេសគឺភ្លៀវទេសចរបរទេសដែលពួកគេបានទស្សនាម្តងហើយ ចង់ទៅទស្សនាម្តងទៀត ៕
ដោយ៖សុថាត់ (រូបថត ៖Heng Van Mork )