សប្បាយកប់ហ្មង! បើបានទៅលេងមណ្ឌលគិរី កុំភ្លេចជិះដំរីដើរកម្សាន្ដ មើលទេសភាពវាលស្មៅខៀវស្រងាត់!
ដំណើរកម្សាន្តតាមជិះដំរីធានាថាពិតជាប្លែកអារម្មណ៍មែនទែននៅពេលដែលភ្ញៀវទេសចរ ជាតិ អន្តរជាតិបានមកដល់ ខេត្តមណ្ឌលគិរី ហើយជ្រើសរើសយកដំណើរទស្សនាចរណ៍ បន្តដោយការជួលដំរីជិះគយគន់ទេសភាពតាមភូមិដ្ឋានបងប្អូនជនជាតិ ព្រៃភ្នំ ជ្រលងដងអូរ ក៏ដូចជាតំបន់ទឹកធ្លាក់ និង វាលស្មៅខៀវស្រងាត់នោះវាពិតជាប្លែកអារម្មណ៍មិនខានឡើយ ។
បើចង់សាកល្បងកម្សាន្តលើខ្នងដំរី សូមអញ្ចើញទៅកាន់ ភូមិពូតាំង ឬ ភូមិពូលូង ក្នុង ឃុំពូលូង ក្រុងសែនមនោរម្យ អ្វីដែលជាមោទនៈសម្រាប់ ភ្ញៀវទេសចរជាតិ និង អន្តរជាតិនោះ គឺការជិះដំរីកំសាន្តគយគន់ទេសភាពឆ្លងកាត់ភូមិដ្ឋានព្រៃព្រឹក្សាឡើងចុះជ្រលងភ្នំ និង ទឹកធ្លាក់ បន្ទាប់មកសំរាកនៅក្នុងរោងតង់តាមភូមិជនជាតិភាគតិចនៃខេត្តមណ្ឌលគិរីដែលនេះគឺជាដំណើរកំសាន្តមួយដ៏គួរឱ្យរំភើបរីរាយបំផុត ។
ការធ្វើដំណើរកម្សាន្តដោយការជិះដំរីដើរទស្សនាចរណ៍នោះគឺយើងអាចទាក់ទងជួលដំរីជិះបានតាមរយៈសហគមន៍ទេសចរណ៍នៅ ភូមិពូតាំង និង ភូមិពូលូងឬក៏ទំនាក់ទំនងតាម រយៈសណ្ឋាគារផ្ទះសំណាក់ដែល លោកអ្នកស្នាក់នៅ ដោយដំរី១ជិះបានគ្នា ២ នាក់ជួលក្នុង តំលៃ ២៥ ដុល្លារមួយថ្ងៃ ។
ទាំង ២ សហគមន៍នៅ ភូមិពូតាំង និង ភូមិពូលូង នេះមានដំរីសម្រាប់ជួលឱ្យភ្ញៀវទេសចរជិះដើម្បីគយគន់ទេសភាពចំនួន ១៤ ក្បាលហើយចំនួន នេះពេលខ្លះក៏វាមិនគ្រប់សម្រាប់ ជួលឱ្យភ្ញៀវជិះដើរលេងនោះដែរ ។ ភ្ញៀវ ទេសចរដែលចូលចិត្តជិះដំរីដើរកម្សាន្ត ភាគច្រើនជាជនបរទេសព្រោះពួកគេចង់ធ្វើការសិក្សាស្វែងយល់អំពីរបៀបរបបការរស់នៅទំនៀមទំលាប់បន្តជាច្រើនតំណមកហើយរបស់ជនជាតិភាគតិចដែលពឹងផ្អែកលើអនុផលធម្មជាតិនៅតំបន់នោះ ។
នាអំឡុងពេលធ្វើដំណើរដោយជិះដំរីនោះអ្នកទេសចរក៏អាចពិនិត្យមើលពីប្រពៃណី ជំនឿ និង ជីវភាពប្រចាំថ្ងៃរបស់ជនជាតិទាំងនោះបានដោយងាយផងដែររួមទាំងទស្សនាទេសភាពដ៏អស្ចារ្យមានព្រៃភ្នំព័ទ្ធជុំវិញទឹកជ្រោះព្រៃភ្នំជ្រលងដងអូរសត្វព្រៃ និង ជីវ ចម្រុះយ៉ាងសម្បូរបែបកំពុងរង់ចាំភ្ញៀវទេសចរ ។
នៅពេលឡើងលើខ្នងដំរីភ្លាមប្រាកដជារំភើបណាស់ក្នុងដំណើរឈានឆ្ពោះមួយៗរបស់សត្វដំរីដ៏ធំជង្គ្រឹងដែលមានហ្មដំរីជាអ្នកនាំផ្លូវដើរកាត់ភូមិជនជាតិព្រៃភ្នំដងអូរក្រោមខ្យល់ជំនោរបក់ផាត់លើវាលស្មៅទាំងនោះមើលពីលើខ្នងដំរីទៅមានចលនាដូចជារលកទឹកសមុទ្រហើយរសាត់អណ្តែតទៅជាប់នឹងជើងមេឃ ៕
ដោយ ៖ សុថាត់