ទឹកជ្រោះតាចាតទើបរកឃើញថ្មី នៅខេត្តកោះកុងពិតជាស្រស់ស្អាតខ្លាំង
ទឹកជ្រោះតាចាត ជារមណីយដ្ឋានធម្មជាតិមួយ ដែលទើបតែរកឃើញថ្មី កំពុងមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ ទឹកជ្រោះនេះមានទីតាំងស្ថិតនៅក្នុងភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រ ពីទីរួមក្រុងខេមរភូមិន្ទ ។
ទឹកជ្រោះតាចាត កំពុងពេញនិយមសម្រាប់អ្នកខេត្តកោះកុង និង ភ្ញៀវទេសចរមកទីខេត្តផ្សេងៗ ព្រោះនៅតំបន់នេះ មានទឹកហូរល្មម ប្រៀបដូចអាងទឹក និង អាចលោតហែលលេងយ៉ាងសប្បាយរីករាយ ។ ទន្ទឹមនឹងនេះ ក៏មានព្រៃឈើតូច ធំ មានទេសភាពស្រស់ ត្រកាល ជាពិសេសមើលថ្ងៃលិចពីលើកំពូលភ្នំ ដែលបង្កើតជាបរិយាកាសគួរជាទីមនោរម្យ នាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ។
បើចង់ទៅលេងទឹកជ្រោះតាចាត ភ្ញៀវទេសចរក៏អាចវេចខ្ចប់អាហារខ្លួនឯងមកញាំក៏បាន ឬ កុម្ម៉ង់ម្ហូបនៅក្នុងបរិវេណរមណីយដ្ឋាននោះក៏បាន ដោយមានតម្លៃសមរម្យ ៕
ដោយ៖សុថាត់