ទឹកធ្លាក់ភ្នំត្បែងមានជ័យពិតជាស្រស់ស្អាតគ្មានពីរ
ទឹកធ្លាក់តាម៉ា ភ្នំត្បែង ដែលមានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីវត្តដំបូកខ្មៅ នៃភ្នំត្បែងមានជ័យប៉ុណ្ណោះ តំបន់នោះ គឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាត ដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និង សត្វព្រៃ រួមទាំងជាតំបន់ប្រវត្តិសាស្ត្រ ដែលព្រះរាជាខ្មែរ កាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ ។
ដើម្បីធ្វើដំណើរទៅកម្សាន្តនៅទីនោះ លោកអ្នកត្រូវធ្វើដំណើរទៅកាន់ភ្នំត្បែងជាមុនសិន ហើយអាច បន្តដំណើរប្រមាណជា ៤ គីឡូម៉ែត្រទៀតនោះ លោក អ្នកពិតជាបានឃើញនូវសម្រស់ធម្មជាតិ គួរឱ្យភ្ញាក់ផ្អើលមួយ ដែលពុំធ្លាប់បានឃើញពីមុនមក ។
នៅតាមផ្លូវធ្វើដំណើរលោកអ្នកពិតជាបានឃើញផ្ទៃដីព្រៃព្រឹក្សាប្រមាណជាង ២៥ ០០០ ហិកតា ដែលគ្របដណ្តប់នៅតំបន់ភ្នំត្បែង ព្រមជាមួយសម្រស់ធម្មជាតិស្អាតដាច់គេ មានទឹកធ្លាក់ បីដំណាក់ រូងប្រជៀវភ្នំត្បែង ព្រមទាំងទីតាំងសក្ការៈថ្មបីដុំ ។
បច្ចប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែង ដែលគ្រប់ដណ្តប់ចំនួន ៥ ស្រុក គឺស្រុក គូលេន ស្រុកសង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និង ស្រុករវៀង ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ តាំងពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ ដែលធ្វើឱ្យតំបន់បេតិកភណ្ឌភ្នំត្បែងរិតតែមានឈ្មោះបោះសំម្លេងទ្វេរឡើងថែមទៀត ៕
ដោយ៖សុថាត់(រូបថត Meng Civil)