ចង់គក់ទ្រូងឱ្យឌឹបៗទេ! ទេសភាពបែបហ្នឹងស្មានតែនៅ Switzerland តាមពិតនៅខេត្តមួយនេះសោះ
ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រពី រាជធានីភ្នំពេញ ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិជាច្រើន ជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចង់មកទស្សនាកម្សាន្តនៅក្នុងខេត្តមួយនេះ ។
ជាក់ស្ដែង ថ្មីៗនេះ មហាជននាំគ្នាចាប់អារម្មណ៍ទីស្ថានទេសចរណ៍ធម្មជាតិមួយកន្លែង មានទីតាំងស្ថិតនៅសេកសក ក្នុងខេត្តបាត់ដំបង ដែលនៅទីនោះមានទេសភាពស្រស់ត្រកាល ប្រកបទៅដោយបរិយាកាសធម្មជាតិសុទ្ធសាត មិនចាញ់ប្រទេសស្វីសប៉ុន្មានឡើយ ។
នៅតំបន់នោះ មានធាតុបីផ្សំចូលគ្នា បង្កើតបានជាទីស្ថានទេសចរណ៍ដ៏មនោរម្យក្រៃលែង ពោលគឺមានផ្ទៃបឹងដ៏ធំ ប្របជាប់វាលស្មៅរាបពណ៌បៃតងស្រស់ លាតសន្ធឹង ក្បែរភ្នំមួយ នៅក្នុងខេត្តបាត់ដំបង ដែលធ្វើឱ្យទីនោះក្លាយទៅជាកន្លែងកម្សាន្តទាក់ចិត្តមហាជន ឱ្យចង់ទៅលេងកម្សាន្តក្រោយស្រាកស្រាន្តពីការរាតត្បាតជំងឺកូវីដ-១៩ ។
បើបរិយាយពីការធ្វើដំណើរទៅកាន់ទីនោះវិញ ប្រិយមិត្តនឹងទទួលបានចំណីអារម្មណ៍ប្លែកភ្នែក ជាមួយនឹងទេសភាពស្រស់ស្អាតតាមដងផ្លូវ ដោយមានភ្នំធំតូចអមសងខាង លាយឡំខ្យល់ត្រជាក់ ទាក់ចិត្តឱ្យប្រិយមិត្ត មានកម្លាំងធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ខាងលើ ឥតនឿយហត់ និង មានអារម្មណ៍ជិនណាយឡើយ ៕
រូបភាពដោយ ៖ តោះដើរលេង