កន្លែងដើរលេងថ្មីចែស នៅកំពង់ស្ពឺកំពុងល្បីខ្លាំង ជិះតែមួយវឹងដល់ អាចអង្គុយលើទឹកញ៉ាំអី យ៉ាងរំភើយ
ចេញពីរាជធានីភ្នំពេញ ទៅតាមផ្លូវជាតិលេខ ៤ ប្រមាណជាជាង ៤០ គីឡូម៉ែត្រ ធ្វើដំណើរបន្តទៅ ខាងត្បូងសាលាខេត្តកំពង់ស្ពឺ ៣ គីឡូម៉ែត្រទៀត ប្រិយមិត្តនឹងទៅដល់ អាហារដ្ឋានម៉ែប៉ុកឬស្សី ដែលមានអាសយដ្ធាន នៅផ្លូវ ១៤៣ ភូមិទំនប់អំបិល ឃុំស្គុៈ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
នៅទីនោះ ជាទីកន្លែងកំសាន្តថ្មីមួយ ដែលអំណោយផលសម្រាប់ ការជួបជុំកំសាន្តលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ ដែលនៅទីនោះមាន ម្ហូបឆ្ងាញ់ៗ ទេសភាពស្រស់ស្រាយ អមទៅដោយស្ពាននិងក្រចុះឬស្សី យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ ។
អង្គុយលើវាលរនាបឬស្សី សាងសង់នៅលើផ្ទៃទឹកដែលថ្លាចាំងឆ្លុះផ្ទៃមេឃ លាយឡំជាមួយខ្យល់ជំនោរបក់រំភើយ បានធ្វើឱ្យអតិថិជនដែលបានទៅទីនោះ លាន់មាត់ថាស្រស់ស្រាយ និងធូរស្បើយពីទុក្ខកង្វល់គ្រប់ៗគ្នា ។ មិនតែប៉ុណ្ណោះនៅទីនោះមានបម្រើសេវាកម្មម្ហូបអាហារឆ្ងាញ់ៗ មានទាំងម្ហូបកម្មង់ និង BBQ ដែល ម្ហូបកម្ម៉ង់មានលក់ចាប់ម៉ោង 10:00 ព្រឹក និង BBQ មានលក់ចាប់ពីម៉ោង 5:00 ល្ងាច ។
ទេសភាពស្រស់ស្រាយ ម្ហូបអាហារឆ្ងាញ់ បូកផ្សំនិង ក្រចុះឬស្សីសាងសង់លើផ្ទៃទឹកប្រកបដោយភាពច្នៃប្រឌិត បានធ្វើឱ្យទីនោះ ទទួលបានការចាប់អារម្មណ៍ច្រើន ក្លាយជាទីពេញនិយមសម្រាប់ប្រជាជននៅក្បែរៗនោះនិងទាក់ទាញអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ឱ្យដាច់ចិត្តបត់ចង្កូតចូលលេង ថតរូបកំសាន្តអារម្មណ៍ ៕