អង្គុយមើលថ្ងៃលិចលើភ្នំ អារ៉ែង គ្រវាត់ចោលអារម្មណ៍ហត់នឿយ រឿងមិនសប្បាយចិត្តឱ្យអស់
ធ្វើការមួយសប្ដាហ៍ទល់មួយសប្ដាហ៍ ត្រូវធ្វើដំណើរកក់ស្ទះចរាចរណ៍រាប់ម៉ោងទម្រាំដល់កន្លែងការងារ ត្រូវប្រឈមមុខនឹងផ្សែង ធូលីដីគ្រប់បែបយ៉ាង ។ ប្រិយមិត្តច្បាស់ជាមានអារម្មណ៍ថាហត់នឿយ ចង់រកកន្លែងធម្មជាតិៗ ស្ងប់ស្ងាត់មួយដើម្បីសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំភ្លេចរាល់រឿងរ៉ាវមិនសប្បាយចិត្តឱ្យអស់ ។
អារ៉ែង ជាតំបន់ទេសចរធម្មជាតិមួយកន្លែងស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដែលហ៊ុំព័ន្ធទៅដោយព្រៃប្រឹក្សាអ្នកតាវល្លិ៍ មានទេសភាពដ៏ស្រស់ត្រកាសគួរជាទីគយគន់ ពិសេសមានសមុទ្រពពកលាតសន្ធឹងដាច់កន្ទុយភ្នែក ព្រៃឈើលាស់ត្រួយខៀវខ្ចី មានសំឡេងសត្វយំចេកចាច ធ្វើឱ្យភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ មានអារម្មណ៍ធូរស្រាលពីការហត់នឿយទាំងឡាយ ប្រលែងកាយបិទភ្នែកស្រូបយកការចងចាំដែលមិនអាចបំភ្លេចបាននេះ ។
ក្រៅពីទិដ្ឋភាពព្រៃភ្នំ ទឹកជ្រោះជ្រង ជ្រលងដងអូរគួរឱ្យជាបេតីហើយនោះ ភ្ញៀវទេសចរ អាចបោះតង់លើភ្នំម្រេចកង្កែប អង្គុយមើលទិដ្ឋភាពផ្ទៃមេឃដ៏ក្រហមឆ្អិនឆ្អៅដែលផុសចេញពីថ្ងៃរៀបលិច ចាំងជះលើភពផែនដី ប្រៀបដូចជាកំពុងស្ថិតនៅលើឋានសួគ៌ ទម្លាក់ចោលនូវរឿងមិនសប្បាយចិត្ត ការងារ ស្នេហា គ្រួសារផ្សេងៗ យកពេលវេលាផ្ដល់ក្ដីសុខឱ្យខ្លួនឯងម្ដង ។
នៅពេលយប់សាកល្បងជាមួយបទពិសោធថ្មី គេងក្នុងតង់ និង អង្គុយអាំងភ្លើងនិយាយរឿងក្នុងចិត្តប្រាប់មិត្តភក្ដិ លេងល្បែងទស្សទាយប្រស្នាផ្សេងៗ អារម្មណ៍ច្បាស់ជាធូរស្បើយ បន្សល់តែការចងចាំល្អៗក្នុងជីវិត ៕
រូបភាព៖ Chan Ty