បានទៅលេង ទឹកធ្លាក់ព្រះនិម្មិត អាចឆ្លងទៅលេង កោះធា រឹតតែសប្បាយ
ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ដែលបានទៅលេងនៅ ទឹកធ្លាក់ព្រះនិម្មិត ដែលស្ថិតនៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ភាគច្រើនពុំចាប់អារម្មណ៍ នឹងបន្តដំណើរកម្សាន្ត នៅលើ កោះធា ដែលស្ថិតនៅ ក្នុងទឹកដីឡាវនោះឡើយ ព្រោះភ្ញៀវទេសចរភាគច្រើនគិតថា ការធ្វើទេសចរណ៍ឆ្លងដែនវាពិបាក ឬ ក៏ត្រូវការលិខិតឆ្លងដែនទៀតផង ទើបពួកគាត់ពុំសូវចាប់អារម្មណ៍ នឹងដំណើរកម្សាន្តទៅកាន់ទីនោះ ។
តាមពិត ការទៅលម្ហែកាយ នៅលើ កោះធា ក្នុងដែនដីឡាវ មិនពិបាកឡើយ ព្រោះ អាជ្ញាធរ នៅតាមព្រំដែនប្រទេសទាំងពីរនៅចំណុចនេះគេយោគយល់គ្នាណាស់ ភ្ញៀវទេសចរ គ្រាន់តែចណាយពេលជិះកាណូត តែ ១០ នាទី ពី ភូមិកំពង់ស្រឡៅ នឹងបានទៅដល់ កោះធា ដ៏ស្រស់ស្អាត នៅលើទឹកដីឡាវមិនខានឡើយ ។ កោះធា ជាកន្លែងដ៏ស្រស់ស្អាតសម្រាប់ការជួបជុំលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយ ដែលភ្ញៀវទេសចរ ទាំងឡាយកម្របានជួបប្រទះពីមុនមកឡើយ ព្រមទាំងមានការស្វាគមន៍ យ៉ាងរាក់ទាក់ពីសំណាក់ជនជាតិឡាវដែលប្រកបអាជីវកម្មទេសចរណ៍នៅទីនោះទៀតផង ។
ក្រៅពីលម្ហែកាយនៅ ទឹកធ្លាក់ព្រះនិម្មិត និង កោះធា ប្រទេសឡាវ នៅតំបន់ព្រំដែនប្រទេសទាំងពីរនេះ ក៏មានកោះតូចធំ ដ៏ស្រស់ស្អាត ជាង ៤០០ កោះទៀត រង់ចាំស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលមានបំណង អញ្ជើញទៅលម្ហែកាយនៅតាមបណ្តាកោះដ៏ស្រស់ស្អាតទាំងនោះ ៕
(រូបថត៖ ភូមិកំពង់ស្រឡៅ – Kampong Sralau)