ត្រឹម ៣០ គីឡូមពីទីរួមខេត្តត្រឹងត្រែង «កោះហាន» ជាឋានសួគ៌ក្រោមមេឃរបស់ភ្ញៀវទេសចរ (វីដេអូ)
ប្រសិនបើលោកអ្នក ឬ ភ្ញៀវទេសចរ បានធ្វើដំណើរទៅដល់ ខេត្តស្ទឹងត្រែងហើយនោះ ក៏គួរតែចំណាយពេលវេលាខ្លះដើម្បីទៅសម្រាក់លំហែកាយ ឬ ក៏បោះតង់មួយយប់នៅ កោះហាន នោះពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយទេសភាពដ៏ស្រស់បំព្រងនៃ ព្រៃព្រឹក្សា ឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត់គ្មានពីរ នៅលើដីកោះនេះ ។
ដើម្បីបានទៅដល់កោះហាន យើងត្រូវធ្វើដំណើរចេញពី ទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ស្រុកថាឡាបរិវ៉ាត់ ក្នុងចម្ងាយផ្លូវប្រមាណជា ៣០គីឡូម៉ែត្រនោះ នឹងបានទៅដល់ កោះហាន ដែលស្ថិតនៅក្នុងទឹកដី ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនោះ ជាក់ជាមិនខាន។
មិនថា នៅក្នុងរដូវប្រាំង ឬ វស្សានោះទេ កោះហាន មានអំណោយផល និង ផ្តល់នូវ ទិដ្ឋភាពដ៏ស្រស់បំព្រង សម្រាប់ក្រសែភ្នែកភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ នៅពេលទៅដល់ទីនោះ ពួកគេអាចដើរលំហែកាយ តាមវាលខ្សាច់ ជិះទូកកាយ៉ាក់គយគន់ សម្រស់ទេសភាព តាមដងទន្លេ ទស្សនា សត្វស្លាប ព្រៃឈើ ទស្សនាព្រះសុរិយា អស្តង្គត បោះតង់ពេលយប់ ការនេសាទ ជាលក្ខណៈគ្រួសារ ដើរទស្សនាតាមភូមិឋានអ្នកស្រុក ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅទីនោះ និង ទស្សនាការបង្ហាញជូននូវប្រពៃណីទំនៀមទម្លាប់ ។ល។
បច្ចុប្បន្នតំបន់ទេសចរណ៍កោះហានកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាសហគមន៍មានភាពធូរធារមួយកម្រិតទៀត ។ ដោយទទួលបានប្រាក់កម្រៃពីសេវាកម្មទេសចរណ៍នៃលក់ដូរម្ហូបអាហារ និង ការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស ។ ក្នុងការស្នាក់នៅសហគមន៍អេកូទេសចរណ៍កោះហាន ភ្ញៀវទេសចរ បរទេសទាំងឡាយនឹងបានស្រស់ស្រាយបន្ថែមទៀត ជាមួយនឹងផ្ទាំងទស្សនីយភាពប្លែកៗរាប់មិនអស់ ដែលកើតឡើងពីធម្មជាតិពិតៗ ។
សហគមន៍អេកូទេសចរណ៍ កោះហាន គឺជាគោលដៅដំណើរទេសចរណ៍ ដ៏សំខាន់មួយរបស់ភ្ញៀវទេសចរ ឬ គេអាចហៅថា ជាឋានសួគ៌ របស់ភ្ញៀវទេចរ ក៏បានដែរ ពីព្រោះនៅទីនោះគឺជាដែនដី ដែលមានទេសភាពចម្រុះគួរឱ្យចាប់អារម្មណ៍បំផុត ។ បើលោក អ្នកចង់ទៅទស្សនា នៅកោះហាន នោះ ភ្ញៀវទេសចរ អាចទាក់ទងទៅកានសហគមន៍ផ្ទាល់ក៏បាន តាមរយៈ លេខទូរស័ព្ទ ០៩៧ ៥៦១ ១៩៧៣/០៩៧ ៧៣១ ២៦២៨ /០៨៨ ៦៤៧ ៥៨៥៨ ៕
(វីដែអូ Phen Bunthoeun)