បូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រភ្នំដំរីរមៀលមានភាពទាក់ទាញខ្លាំង
បូជនីយដ្ឋានទេសចរណ៍ គឺជាកន្លែងដែលមនុស្សទៅគោរពបូជាផង កម្សាន្តផងមានដូចជាវត្តអារាម និង ប្រាសាទបុរាណនានាជាដើម ដែលទាក់ទងទៅនឹងជំនឿសាសនាផ្សេងៗ។ ក្នុងចំណោមបូជនីយដ្ឋានទេសចរណ៍ជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាយើង វត្តភ្នំដំរីរមៀលក៏បានក្លាយទៅជាទីកន្លែងគោរពបូជាបន់ស្រន់ និង ទស្សនាកម្សាន្តមួយដែរ ។ រាល់ថ្ងៃតែងមានអ្នកជំនឿចេញចូល ឡើងចុះមិនដែលដាច់ ធ្វើឱ្យព្រៃភ្នំមួយនេះ ដែលពីមុនធ្លាប់ស្ងប់ស្ងាត់ទៅជាអ៊ូរអរប្រកបដោយភាពមនោរម្យ ។
បូជនីយដ្ឋានទេសចរណ៍នេះ ស្ថិតក្នុងវត្តថ្មធំ ភ្នំដំរីរមៀល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ ភ្នំដំរីរមៀលមានកំពូលខ្ពស់វែងអន្លាយ លាតសន្ធឹងពីជើងទៅត្បូងត្រង់ព្រំប្រទល់ខេត្តតាកែវ និង ខេត្តកំពត។ បូជនីយដ្ឋានទេសចរណ៍ភ្នំដំរីរមៀល មានរុក្ខជាតិគ្រប់ប្រភេទដុះច្រើនស្អេកស្កះ មើលពីចម្ងាយមាន ពណ៌ខៀវខ្ចី បែកមែកសាខាចោលម្លប់ត្រឈឹងត្រឈៃត្រជាក់ស្រេប ។ ទន្ទឹមនឹងនោះ ជំនោរបានបក់មកល្ហៀកៗ មែកឈើរង្គើប្រាវៗ លាយលំសម្លេងរៃយំផង ប្រៀបប្រដូចការប្រគុំតន្ត្រីដ៏សែនពីរោះអញ្ជឹង ។ មិនត្រឹមតែប៉ុណ្ណឹងទេ បូជនីយដ្ឋានទេសចរណ៍ភ្នំដំរីរមៀល នៅមានទីសក្ការបូជាផ្សេងៗទៀត មានដូចជាកន្លែងព្រះពុទ្ធប្រសូតិ កន្លែងតាខ្មៅយាយទេព ផ្នូរនាងពៅ និង កន្លែងរូបសំណាកអ្នកមានបុណ្យជាដើម ។ បូជនីយដ្ឋានភ្នំដំរីរមៀល ដែលជាអតីតតំបន់ខ្មែរក្រហមនោះ ពិតជាមានសម្រស់ស្រស់ត្រកាលបែបធម្មជាតិ ។
លក្ខណៈពិសេសទាំងអស់នេះ បាន ទាក់ទាញអ្នកជំនឿជិតឆ្ងាយមកលេង និង បន់ស្រន់សុំសុខចម្រើនរាល់ថ្ងៃ មិនសូវដែលខានឡើយ ។ បើតាមប្រសាសន៍ពួកអ្នកស្រុកភូមិនៅខាងកើតភ្នំបានឱ្យដឹងស្របគ្នាថា បូជនីយដ្ឋានទេសចរណ៍វត្តថ្មធំភ្នំដំរីរមៀល មានប្រវត្តិដើមដូច្នេះថា ក្នុងរជ្ជកាលស្ដេចអង្គច័ន្ទរាជាទីពីរ ព្រះកែវ និង នាងពៅបានតោងកន្ទុយព្រះគោជាច្បងហោះទៅលើអាកាស ដើម្បីគេចពីពួកសៀមតាមចាប់ ។ ពេលព្រះគោហោះមកដល់លើភ្នំដំរីរមៀលស្រាប់តែនាងពៅរបូតដៃធ្លាក់លើថ្មដាស្លាប់មួយរំពេចអាស្រ័យហេតុនេះ មានថ្មមួយរាងវែង ត្រូវបានគេយល់ថាជាផ្នូរនាងពៅ។ ឥឡូវត្រូវបានគេធ្វើរោងប្រក់ពីលើ ថែមតម្កល់ព្រះពុទ្ធរូបក្បែរ ផងដែរសម្រាប់អ្នកជំនឿគោរពបន់ស្រន់។ចំនែករូបសំណាកទ្រង់គ្រឿង ពាក់ម្កុដបោះជំហានដើរទៅ មុខ និង លើកដៃម្ខាងជាសញ្ញាប្រោសសត្វនោះ គឺជាតួអង្គព្រះកែវ ឬ អ្នកមានបុណ្យក្នុងជំនឿបុរាណ ឥន្ទទំនាយ និង ឥសីទំនាយ។មួយទៀតបូជនីយដ្ឋានទេសចរណ៍ភ្នំដំរីរមៀលដដែលនេះ ត្រូវបានពួក អ្នកស្រុកមានជំនឿតៗគ្នាតាំងពីដើមមកថា មានរូបសំណាកស្ដេចដំរីសភ្លុកខៀវមួយគូ ស្ថិតក្នុងរូងភ្នំថែរក្សាដោយបារមីផ្លូវងងឹត ទើបភ្នំនេះមានឈ្មោះដូច្នេះ។បើអ្នកណាបានមកដល់បូជនីយដ្ឋាននេះហើយប្រាកដជាមានអារម្មណ៍ប្លែក ភ្លេចអស់ទុក្ខកង្វល់ទាំងពួង មិនចង់ទៅវិញ ពិសេសព្រឺក្បាលខ្ញាកៗ ព្រោះមានបារមីខ្លាំង។ការមកកំសាន្តទស្សនាធម្មជាតិព្រៃភ្នំក្នុងបូជនីយដ្ឋានសាសនានេះ មិនត្រឹមបានផ្សាភ្ជាប់ជីវិតទៅនឹងភាពបរិសុទ្ធនៃបរិយាកាសដ៏ត្រជាក់ និង ផ្លូវជំនឿប៉ុណ្ណោះទេ ។
ថែមទាំងធ្វើឱ្យអារម្មណ៍ភ្ញៀវទេសចរគ្រប់រូប មានភាពស្ងប់ស្ងាត់ក្នុងផ្លូវធម៌ទៀតផង តាមរយៈការបន់ស្រន់ ធ្វើបុណ្យទាន ការបានទស្សនារូបសំណាកផ្សេងៗ ជាហេតុបណ្តុះឱ្យកើតបញ្ញា និង សេចក្តីជ្រះថ្លា។ព្រោះថា ព្រៃភ្នំបានផ្សាភ្ជាប់សង្គមជីវិតមនុស្សសត្វមិនអាចអត់គ្នាបាន ក្រៅពីកន្លែងទេសចរណ៍បូជនីយដ្ឋានមួយនេះ ក៏ជាទីកំចាត់កិលេសតណ្ហានៃអ្នកបួសផងដែរ។មួយទៀតស្ថិតបង្កប់ក្នុងធម្មជាតិនៃបូជនីយដ្ឋានវត្តភ្នំដំរីរមៀលមានវិញ្ញាណអាថ៌កំបាំងខ្លាំងពូកែជាច្រើន កំពុងតែជួយសម្រេចបំនងអ្នកជំនឿគ្រប់ៗគ្នា។តួយ៉ាងដូចជាបារមីឥសី បារមីតាខ្មៅយាយទេព បារមីមេទ័ពអ្នកចម្បាំងជំនាន់ដើមតេជោដំឌិន តេជោមាស តេជោយ៉ត មេទ័ពជ័យរតនកុមារ ជ័យសង្គ្រាម មេទ័ពមហាធម្មរាជ លោកតាឃ្លាំង មឿង ស្ដេចបន្ទាយផែនដែន ស្ដេចមហាពិភព មេទ័ពជ័យសំរិទ្ធ មេទ័ពចក្រីកាលិ និង មេទ័ពកាលីជាដើម ។ រូបមេទ័ពទាំងអស់ត្រូវបានវិចិត្រករដៃឯកគូរទុកលើជញ្ជាំងប្រាសាទទៀតផង សម្រាប់អ្នកទេសចរទស្សនា និង គោរពបូជា ។
ពួកអ្នកស្រុកបានអោយដឹងទៀតថា បារមីបូជនីយដ្ឋានវត្តថ្មធំភ្នំដំរីរមៀលពូកែស័ក្តិសិទ្ធណាស់ គេមកទស្សនាកំសាន្ត និង បន់ស្រន់រាល់ថ្ងៃ។ក្រៅពីបន់រកស៊ីអោយមានបាន ប្រលងជាប់ បានចេញទៅ បរទេសឆាប់ និង ឆាប់ឡើងយសស័ក្តិជាដើម ចំពោះប្តីប្រពន្ធការយូរឆ្នាំតែគ្មានកូន ក៏អាចបន់សុំបានដែរនៅពីមុខរូបសំណាកតាខ្មៅយាយទេព។ភាគច្រើនគេនិយមមកទស្សនានិង បែរបន់ នៅថ្ងៃសៅរ៍អាទិត្យ និងថ្ងៃសីលមាន៨រោជឬកើត ពេញបូរមី ខែដាច់ជាដើម។ក្រៅពីនោះនៅថ្ងៃមានបុណ្យទាន មានបុណ្យភ្ជុំបិណ្ឌ កឋិន បុណ្យចូលឆ្នាំខ្មែរ និង បុណ្យផ្សេងៗជាដើម។
អ្នកជំនឿទាំងឡាយខ្លះដើរចុះដើរឡើងតាមកាំជណ្ដើរ៣២៣កាំគយគន់ទេសភាពព្រៃភ្នំ ខ្លះ ទៀតកំពុងអង្គុយបន់ស្រន់សុំសុខចម្រើន។គួរនាំគ្នាថែរក្សាព្រៃភ្នំអោយគង់វង្ស មានបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រភ្នំដំរីរមៀលជាដើម ដោយកុំកាប់បំផ្លាញព្រោះមិនត្រឹមជាជំរកសត្វទេ។ ព្រៃឈើជាកន្លែងទេសចរណ៍ ជាវត្តអារាម អាស្រមណ៍សម្រាប់អ្នកបួសគង់ធ្វើសមណធម៌ផងដែរ។សូម្បីព្រះពុទ្ធគ្រប់អង្គទ្រង់ប្រសូតិ ចេញបួស ត្រាស់ដឹង គង់នៅ និង បរិនិព្វាន្តក៏នៅក្នុងព្រៃភ្នំដែរ៕
( ប្រភពកែវ សិលា )