រមណីយដ្ឋានត្នោតទេរ ទឹកហូរដូចទឹកជ្រោះ កំពុងទាក់ទាញខ្លាំងនារដូវវស្សានេះ (វីដេអូ)
រមណីយដ្ឋាន ត្នោតទេរ គឺជារមណីយដ្ឋានទេសចរណ៍តូចមួយ ប៉ុន្តែមានភាពទាក់ទាញខ្លាំងនៅរដូវវស្សា ដែលនៅពេលចុងសប្តាហ៍ម្តងៗតែងមានភ្ញៀវទេសចរក្នុងស្រុកបាននាំគ្នាទៅងូតទឹកលេង នៅរមណីយដ្ឋានមួយនោះឥតដាច់ ។
ដើម្បីធ្វើដំណើរទៅដល់រមណីយដ្ឋានត្នោតទេរនោះ លោកអ្នកត្រូវធ្វើដំណើរចេញពីភ្នំពេញ តាមផ្លូវជាតិលេខ ២ ប្រមាណជា ៥០ គីឡូម៉ែត្រ ដល់សាលាស្រុកសំរោង រួចចូលទៅក្នុងប្រមាណជា ៦ គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញ រមណីយដ្ឋាន ត្នោតទេរ នៅខាងស្តាំដៃ ស្ថិតនៅ ភូមិត្នោតទេ ឃុំទ្រស ស្រុកសំរោង ខេត្តតាកែវ ។
តាមពិតរមណីយដ្ឋាន ត្នោតទេរ គឺជាសំណង់ស្ទាក់ទឹក ដែលត្រូវបានកសាងឡើងក្នុងរបបប៉ុលពត ព្រមទាំងមានប្រជាជនខ្មែររាប់រយនាក់ ដែលបានលើកទំនប់នោះ ហើយត្រូវបានពួកប៉ុលពតយកទៅសម្លាប់ចោល ដោយចោទថា ក្បត់អង្គការ ។ ក្រោយមកទំនប់នេះបានចាស់ទ្រុឌទ្រោម ខូចខាតស្ទើរតែទាំងស្រុង ហើយត្រូវបានរាជរដ្ឋាភិបាលធ្វើការជួសជុលឱ្យប្រសើរឡើងវិញ ដើម្បីបម្រើឱ្យវិស័យកសិកម្មនៅតំបន់ជុំវិញនោះ ។
ដោយសារនៅទីនោះមានផ្ទៃទឹកល្ហល្ហេវ និង ទេសភាពដ៏ស្រស់ត្រកាល បានធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ក្នុងស្រុកដ៏មានប្រជាប្រិយភាពមួយ នៅក្នុងតំបន់នោះ ៕
(ប្រភពវីដេអូ Raksa Seang )