ទៅលេងបាត់ដំបង កុំភ្លេចទៅ ជិះឡូរី លេងកម្សាន្ត នៅភ្នំបាណន់
ខេត្តបាត់ដំបងសម្បូរទៅដោយ កន្លែងទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរជាច្រើនកន្លែងរាប់មិនអស់ ហើយសុទ្ធតែសប្បាយៗផងដែរ។ ភ្ញៀវទេសចរនៅពេលបានទៅលេងខេត្តបាត់ដំបង គេមិនដែលភ្លេចឡើយ ក្នុងការធ្វើដំណើរកម្សាន្ដទៅជិះឡូរីនៅជើងភ្នំបាណន់ ពោលគឺក្រៅពីចូលមើលចំការទំពាំងបាយជូរ, ឡើងលេងលើភ្នំបាណន់ គឺជិះឡូរីនេះឯង…។
ឡូរី ដែលគេតែងតែនិយមហៅលេងថា គ្រែហោះ បំពាក់កង់ចំនួន ៤ និងជា ប្រភេទយានចល័តមួយប្រភេទ ដើរដោយម៉ាស៊ីនសម្រាប់ដឹកភ្ញៀវទេសចរ ត្រូវបានដំណើរការ ដឹកភ្ញៀវទេសចររាប់រយនាក់ជារៀងរាល់ថ្ងៃ នៅជាប់ជើងភ្នំបាណន់ ស្ថិតក្នុងភូមិឈើទាល ឃុំកន្ទឺ២ ស្រុក បាណន់ ខេត្ត បាត់ដំបង។ ប្រសិនបើភ្ញៀវទេសចរ មានបំណងចង់ទៅកម្សាន្ដនៅទីនោះ លោកអ្នកគ្រាន់តែធ្វើដំណើរ ចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមផ្លូវក្រាលកៅស៊ូ មាត់ស្ទឹងសង្កែខាងលិច។
ឡូរី ក្បែរជើងភ្នំបាណន់ ហាក់មានភាពទំនើប និងពិសេសជាងឡូរីដទៃទៀត ដោយសារតែ ឡូរី មានគំនិតច្នៃប្រឌិតជាពិសេស ស្អាតជាងមុន ឯផ្លូវធ្វើដំណើរវិញមានភាពទាក់ទាញខ្លាំង ដោយមានការដាំផ្កាលំអ និងរៀបចំសួនយ៉ាងស្រស់ស្អាតប្លែក។ ជាពិសេស លោកអ្នកអាចធ្វើដំណើរជិះឡូរី កម្សាន្ដលេង គយគន់ទេសភាពដ៏ស្រស់ត្រកាលនៃ ព្រៃ ភ្នំ ភោគផលដំណាំកសិកម្ម វាលស្រែដ៏ខៀវស្រងាត់នៅរដូវវស្សា និងពណ៌មាសនៅរដូវប្រាំងទៀតផង។
គួរឱ្យដឹងដែរថា ឡូរី មានតាំងពីយូរយារណាស់មកហើយ គ្រាន់តែកាលពីអតីតកាល ប្រជាពលរដ្ឋប្រកបមុខរបររត់ឡូរី ដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈធន់ស្រាល និងអ្នកដំណើរប៉ុណ្ណោះ ហើយពេលខ្លះក៏មានការដង្ហែកឋិនតាមឡូរីម្តងម្កាលដែរ។ នៅរដូវបុណ្យទានម្តងៗ គេឃើញមានភ្ញៀវទេសចរណ៍ជាច្រើន មានការចាប់អារម្មណ៍ ជិះឡូរីកម្សាន្ដលេងព្រោងព្រាត ទើបមានការរៀបចំក្លាយជាសហគមន៍ទេសចរណ៍ និងមានមន្ទីរទេសចរណ៍ខេត្តជាអ្នកជ្រោមជ្រែង តែក្រោយមកដោយសារតែរដ្ឋាភិបាលរៀបចំស្តារផ្លូវដែកឡើងវិញ ទើបធ្វើឱ្យសហគមន៍ឡូរីខាងលើមិនអាចដំណើរការបាន ក៏សម្រេចចិត្តបង្កើតមណ្ឌលកម្សាន្ដឡូរីថ្មី នៅស្រុកបាណន់តែម្តង៕