ល្បីថា ចម្ការផ្កាពណ៌លឿងនៅអមលាំងស្អាត ណាត់ពួកម៉ាកប៉ុន្មាននាក់ទៅ ច្បាស់ជាសប្បាយ
នៅពេលនេះ សម្រស់ផ្កាលឿងច្រាល បានរីកស្គុសស្គាយ រងចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅទស្សនាកម្សាន្តនៅទីនោះ ។ ចម្ការផ្កាពណ៌លឿង ដូចកម្រាលព្រហ្ម លាយឡំជាមួយស្លឹកបៃតងខ្ចីនៃចម្ការអំពៅ ដែលអ្នកដំណើរឆ្លងកាត់ទីនោះ មានអារម្មណ៍ស្រស់ស្រាយ ជាមួយការទស្សនាចម្ការផ្កា ដ៏ស្រស់បំព្រងនេះ ។
ចម្ការផ្កាពណ៌លឿងដ៏ស្រស់បំព្រងនេះ មានទីតាំងស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីតំបន់រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ជ្រាវគឺចេញពីចំណុចបំបែកត្រង់ផ្សារអមលាំង ក្រោយពីចេញដំណើរពីផ្សារឧដុង្គចម្ងាយ ៥២ គីឡូម៉ែត្រនោះ។ តាមទិដ្ឋភាពជាក់ស្តែងនៅថ្ងៃចុងសប្តាហ៍ កាលពីថ្ងៃសៅរ៍ និង អាទិត្យ កន្លងមកថ្មីៗនេះ គេសង្កេតឃើញភ្ញៀវទេសចរទៅទស្សនាកម្សាន្តយ៉ាងច្រើន ដោយមានការថតរូបលេង និង ទុកជាអនុស្សាវរីយគ្រប់គ្នា ។
បើលោក អ្នកបានទៅលេងចម្ការផ្កាពណ៌លឿងដ៏ស្រស់ស្អាតនៅទឹកដីអមលាំងនោះ សូមកុំភ្លេចបង្ហួសទៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ជ្រាវ ដោយបន្តដំណើរហួសទៅត្រង់មានចម្ងាយជាង ១០ គីឡូម៉ែត្រ ឬ ចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ពីក្រុងច្បារមន ស្ថិតនៅ ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ៕
(រូបថត Seyma Net)