ទៅលេងភ្នំត្បែងញឹកញាប់ដែរ តែអត់ដែលដឹងទឹកធ្លាក់ចក្រវិលមានទេសភាពស្រស់ស្អាតបែបនេះសោះ
ក្រៅពីភាពដ៏អស្ចារ្យខាងអបិយជំនឿនោះ តំបន់ ភ្នំត្បែង ខេត្តព្រះវិហារ ក៏មានទេសភាពធម្មជាតិ យ៉ាងស្រស់បំព្រងដែរ ដើម្បីបម្រើឱ្យការកម្សាន្ត របស់ភ្ញៀវទេសចរ ដែលបានទៅទស្សនាកម្សាន្តនៅទីនោះ ។
ទឹកធ្លាក់ចក្រវិល ជាស្ថានសួគ៌ថ្មីមួយទៀត ដែលរិតតែធ្វើឱ្យ តំបន់ភ្នំត្បែង មានភាពទាក់ទាញទ្វេរឡើងថែមទៀត ដែលធ្វើឱ្យភ្ញៀវទេសចរ មិនអាចមើលរំលងបានឡើយ ។ ទឹកធ្លាក់ចក្រវិល មានទេសភាពដ៏ស្រស់បំព្រង ទឹកថ្លាឆ្វេងមើលឃើញដល់បាតដី ឃើញត្រីភ្នំហែលឆ្វាត់ឆ្វែង ទឹកហូរធ្លាក់មកពីស្ទឹងមួយនៅខាងលើ ដែលមានជម្រៅត្រឹមចង្កេះ ធ្វើឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការងូតលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ ក្រៅពីនេះ នៅមានទឹកជ្រោះជាច្រើនរាប់មិនអស់ នៅក្បែរៗគ្នានោះ សុទ្ធតែមានសម្រស់ទាក់ទាញមិនចាញ់ ទឹកធ្លាក់ចក្រវិលឡើយ ។
បើលោកអ្នកធ្វើដំណើរ ទៅកម្សាន្តនៅទឹកធ្លាក់ចក្រវិលនោះ លោកអ្នកអាចធ្វើដំណើរ តាមផ្លូវលេខ ៦៤ ចេញពីទីរួមខេត្តព្រះវិហារ ប្រមាណជាង ១០ គីឡូម៉ែត្រ នឹងទៅដល់ ភូមិឈានមុខ ក្នុងឃុំអភិវឌ្ឍន៍ មានអ្នកស្រុករស់នៅក្បែរជើងភ្នំ ដែលយើងអាចផ្ញើរថយន្ត ផ្ញើម៉ូតូនៅទីនោះបាន។ ប្រសិនបើមិនចង់ចំណាយពេលយូរក្នុងការធ្វើដំណើរទៅកាន់ទីនោះ យើងអាចរកអ្នកភូមិឈានមុខ នាំផ្លូវ ដោយគ្រាន់តែចំណាយថវិកា តែ ១០ ដុល្លារ ប៉ុណ្ណោះ សម្រាប់ការនាំផ្លូវ ៕
(រូបថតៈពនេចរថតរូប)