តំបន់វាលធំ ជាតំបន់អេកូទេសចរថ្មីដ៏ទាក់ទាញ នៅខេត្តរតនគិរី
តំបន់វាលធំ ជាតំបន់អេកូទេសចរណ៍ធម្មជាតិថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងស្រុកចំនួន ២ គឺ ស្រុកតាវែង និង ស្រុកវើនសៃ របស់ ខេត្តរតនគិរី ការធ្វើដំណើរទៅកម្សាន្តនៅទីនោះ ត្រូវរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត ដោយមន្ទីរបរិស្ថានមានមន្រ្តីឧទ្យានុរក្ស ជាអ្នកនាំភ្ញៀវទៅទស្សនា ។
ភ្ញៀវទេសចរអាចចូលទស្សនាកម្សាន្ត ដោយថ្មើរជើង រយៈពេល ៥ ថ្ងៃ ឬ ៧ថ្ងៃ គឺផ្តើមចេញដំណើរពីមន្ទីរបរិស្ថាន ក្រុងបានលង់ ឆ្ពោះទៅ ស្រុកតាវែងមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រនៅពេលទៅដល់ហើយ ភ្ញៀវទេសចរអាចធ្វើដំណើរបន្តទៅភូមិទំពួន រឿងតូច ភូមិ ផ្យាង ជាភូមិបងប្អូនជនជាតិដើមភាគតិច ព្រៅ ។ ពេលខ្លះភ្ញៀវអាចស្នាក់នៅក្នុងភូមិ ១យប់សិន ឬ ក៏ធ្វើដំណើរបន្តទៅបោះជំរុំ ក្នុងព្រៃតែម្តង វាអាស្រ័យលើភ្ញៀវ ដែលមានពេលយូរ ឬ ខ្លីតែប៉ុណ្ណោះ ។
ក្នុងការធ្វើដំណើរកម្សាន្ត ថ្ងៃទី១ ចាប់ផ្តើមចេញដំណើរពីមន្ទីរបរិស្ថានឆ្ពោះទៅស្រុកតាវែងស្នាក់នៅភូមិបងប្អូនជនជាតិភាគតិច១យប់ ,ថ្ងៃទី២ ភ្ញៀវអាចបោះជំរុំក្នុងព្រៃ ឧទ្យានជាតិវីរៈជ័យ ,ថ្ងៃទី៣ បោះជំរុំនៅភ្នំវាលធំ, ថ្ងៃទី៤ ដើរកម្សាន្តទស្សនាធម្មជាតិ ដ៏ស្រស់បំព្រង ជុំវិញភ្នំវាលធំ ,ថ្ងៃទី៥ ត្រឡប់មកវិញគឺធ្វើដំណើរចេញពីភ្នំវាលធំ ឆ្ពោះទៅទឹកធ្លាក់ អូរអំប៊ុត និង អូរប៉ង់ បោះជំរុំ នៅភូមិកោះ១យប់ ដើម្បីបានដឹងពីជីវភាព និង ការរស់នៅរបស់បងប្អូនជនជាតិភាគតិច, ថ្ងៃទី៦ ចេញដំណើរពីទឹកធ្លាក់ឆ្ពោះទៅ ភូមិកោះប៉ង់ និង ស្នាក់នៅទីនោះ១ យប់ទៀត និង ថ្ងៃទី៧ ជាថ្ងៃចុងក្រោយ គឺធ្វើដំណើរតាមទូកចុះទៅស្រុកវើនសៃរួចហើយដំណើរត្រឡប់មកកាន់ទីរួមខេត្តវិញ។
ប៉ុន្តែការធ្វើដំណើរកម្សាន្តបែបនេះគឺភ្ញៀវទេសចរបរទេសគេចូលចិត្តណាស់ ចំពោះភ្ញៀវជាជនជាតិខ្មែរវិញ មិនសូវចូលចិត្តនោះទេ ។
ប្រសិនបើភ្ញៀវទេសចរ ចង់ធ្វើដំណើរទៅកាន់ អេកូទេសចរតំបន់វាលធំ អាចទាក់ទងមជ្ឈមណ្ឌលអេកូទេសចរណ៍ធម្មជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី ឬ តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៣ ០០ ៩៧៩ ៕
ដោយ៖សុថាត់