ជីផាត ជាឋានសួគ៌ទេសចរណ៍បែបវប្បធម៌ និង ធម្មជាតិ ដែលអ្នកប្រាថ្នា !
ជីផាត ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណិតមួយ ប្រៀបដូចជាឋានសួគ៌ ដែលជាក្តីប្រាថ្នារបស់ភ្ញៀវទេសចរ ។ ជីផាត មានទីតាំងស្ថិតនៅក្នុងឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានភាពទាក់ទាញភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថ្ងៃៗឱ្យទៅលេងកម្សាន្តនៅទីនោះ ។
តំបន់អេកូទេសចរណ៍ជីផាត មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជាផ្នូរបុរាណមានអាយុកាលប្រមាណជា ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ លេងទឹកជ្រោះដ៏ស្រស់ស្អាត ជាច្រើនកន្លែង ការចាក់បង្កងពេលរាត្រី មើលអំពិលបំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ហើយក៏ជាដែនជម្រកសត្វព្រៃ និង ព្រៃទឹកភ្លៀងដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
អ្នកទេសចរទាំងអស់អាចធ្វើដំណើរទៅលេងកម្សាន្តនៅទីនោះបាន ដោយចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាមផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង ១៧ គីឡូម៉ែត្រ ។ ជីផាត ត្រូវបានក្រសួងទេសចរណ៍វាតម្លៃថា ជាតំបន់អេកូទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអារ៉ែង ៕
ដោយ៖សុថាត់