វត្តស្រឡូង នៅខេត្តឃ្លាំងពិតជាមានភាពស្រស់ស្អាតខ្លាំង
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីកម្ពូចាក្រោម គួរតែចំណាយពេលបន្តិចដើម្បីទៅកាន់វត្តសិរីសុខុមសង្គមមានជ័យ ឬ វត្ត ស្រឡូង ដែលមានក្បូរក្បាច់រចនាយ៉ាងប្រណិត មើលទៅពិតជាមានភាពទាក់ទាញ និង ស្រស់ស្អាតយ៉ាងខ្លាំង ។ ចានទៀបត្រូវបានគេតុបតែងនៅជុំវិញជញ្ជាំងព្រះវិហារគឺដោយសារមានអ្នកស្រុកចំណុះជើងវត្តរួមវិភាគទាន ដើម្បីកសាងជាវត្តស្រឡូងនេះឡើង ហើយនេះក៏ជានិមិត្តរូបទឹកចិត្តសាមគ្គីភាពនៃជនជាតិខ្មែរ នៅខេត្តឃ្លាំង(Soc Trang) ។
វត្តស្រឡូងស្ថិតនៅ ឃុំដាយតឹម (Dai Tam) ស្រុកមីស្វៀន (My Xuyen) មានចម្ងាយពីទីក្រុងឃ្លាំង(Soc Trang) ប្រហែល ១២ គីឡូមែត្រ ។ វត្តនេះជាសំណងពុទ្ធសាសនាជនជាតិខ្មែរផង ជាទីកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីផង ។
បើតាមការឱ្យដឹងពីលោកតា ទ្រីញតៀន (Trinh Tien) សមាជិកគណៈកម្មការវត្តស្រឡូងនេះបានឱ្យដឹងថា វត្តនេះបានកសាងនៅដើមសតវត្សរ៍ទី ១៩ ។ តាមពេលវេលា ព្រះវិហារចាស់ទ្រុឌទ្រោមទៅ វត្តរងការខូចខាតយ៉ាងច្រើន ត្រូវការកសាងថ្មីឡើងវិញ។ មកដល់ ឆ្នាំ ១៩៦៩ ព្រះចៅអធិការតាំងតុក (Tang Tuc) (ព្រះចៅអធិការទី៩) បានកៀងគរពុទ្ធបរិស័ទរួមមតិគ្នាកសាងវត្ត រួមមានផ្នែកផ្សេងៗដូច៖ ព្រះវិហារ កុដិ សាលា ចេតិយ ជញ្ជាំង សសរ បានសាងទៅដោយឥដ្ឋការូបុរាណរបស់ជប៉ុនផលិត មានពណ៌សម្បុរលេចធ្លោ ។
វត្តស្រឡូង នៅតែរក្សាបានជាវត្ថុដ៏មានតម្លៃមួយចំនួន របស់លោក ត្រឹនទ្រីញហ្វី (Tran Trinh Huy) ឈ្មោះធ្លាប់ហៅ“ទេវបុត្របាក់លីវ” អ្នកល្បីឈ្មោះក្នុងសម័យមួយនៅតំបន់និរតី (Tay Nam bo) ។ វត្តស្រឡូងមានផ្ទៃដីទំហំ ២,១ ហិកតា ខាងក្រោយវត្ត ជាសួនព្រះពុទ្ធសម្តែងធម៌ និង បរិនិព្វាន ។ នេះជាប្រជុំស្ថាបត្យកម្ម រួមមានពុទ្ធរូបធំតូច ទម្រង់ត្រាប់តាមដំណើរព្រះអង្គប្រសូត្រ ស្វែងរកសច្ចធម៌ ត្រាស់ដឹង និង បរិនិព្វាន ។
មកដល់វត្តស្រឡូង ក្រៅពីការទស្សនា គយគន់ស្ថាបត្យកម្មពិសេស ស្វែងយល់ពីវប្បធម៌សហគមន៍ជនជាតិខ្មែរ ភ្ញៀវទេសចរក៏អាចគយគន់មើលសម្បត្តិបេតិកភណ្ឌរបស់លោកត្រឹនទ្រីញហ្វី (Tran Trinh Huy) តែងតែបានហៅថា “ទេវបុត្របាក់លីវ” ល្បីឈ្មោះក្នុងសម័យមួយនៅតំបន់នីរតី (Tay Nam bo) រូមមានទូបិទសម្បកខ្យង់ស័ង្ខ គ្រែខ្យង់ទាំងពីរសម្រាប់ដេកក្នុងរដូវរងារ និង រដូវក្តៅ ដែលមានក្បូរក្បាច់ដ៏ប្រណិត ដែលវត្តនេះជាអ្នកទិញ និង រក្សាទុករហូតមកដល់សព្វថ្ងៃនេះ ។
សព្វថ្ងៃ ក្រៅពីសហគមន៍ពុទ្ធបរិស័ទជនជាតិខ្មែរ អញ្ជើញទៅកាន់វត្តអារាមជាប្រចាំ វត្តស្រឡូងនៅទាក់ទាញភ្ញៀវទេសចរពីទីជិត ទីឆ្ងាយទៅទស្សនា និង ស្វែងយល់ អំពីវត្តពិសេសនេះ ៕
ដោយ៖សុថាត់