លោកតាដំបងគ្រញូង នៅបាត់ដំបង មានមហិទ្ធិឫទ្ធិបែបនេះសោះ ទើបល្បីល្បាញដល់សព្វថ្ងៃ!
លោកតាដំបងគ្រញូងជាកូនរាស្ត្រសាមញ្ញកើតចេញពីស្រទាប់កសិករបានឡើងសោយរាជ្យសម្បត្តិជាស្តេចខ្មែរទី ១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រសោយទីវង្គតហើយបានដាក់ឈ្មោះ ថាព្រះបាទគោត្តមអមរទេវរាជ នៅថ្ងៃទី ១០ កើត ខែ ពិសាខ ឆ្នាំ ឆ្លូវ ព.ស ១៥៤៥ គ.ស ១០០១-១០០៨ ។
បើតាមឯកសារពង្សាវតារវត្តទឹកវិលក្នុងស្រុកស្អាងខេត្តកណ្តាលបានកត់ត្រាទុកថា នាយញូងមានដើមកំណើតនៅស្រុកសួនមង្ឃុតមានឪពុកឈ្មោះ សួន ម្តាយ ឈ្មោះ សែន មុននាយញូងមកចាប់កំណើតឪពុកបានយល់សប្តិឃើញព្រះកាល(ជាព្រះអាទិទេពផ្នែកកាលវេលាឬក៍ជាមច្ចុរាជ) បានយកដាវមកប្រគល់ឱ្យពេលនោះលោកគ្រូចៅអធិការវត្តភ្នំបានទស្សន៍ទាយថា ប្រពន្ធគាត់នឹងបានកូនប្រុស ។ កូនប្រុសហ្នឹងបានឡើងសោយរាជ្យតែមិនបានអាយុវែងទេ ។ ពេលមានផ្ទៃពោះនាងសែនត្រូវជាម្តាយតែងតែចង់បរិភោគប្រមាត់ដី(ជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅពណ៌បៃតង គ្មានផ្កាទេហើយដែលតែងតែយកមកដាំជាប់គ្នារដឹកលម្អតាមសួនច្បារមានរស់ជាតិល្វីងដូចរស់ជាតិទឹកប្រមាត់ធ្វើជាបន្លែស្លស្រឡក់ហើយក៍ជាឱសថកែរោគគ្រុនស្រៀវស្រាញ) ។
នាយសួនជាប្តីតែងតែទៅកាត់យកមកចម្អិនធ្វើជាអាហារឱ្យប្រពន្ធបរិភោគតាមចំណង់ចិត្ត ។ នៅថ្ងៃទី ៦កើតខែពិសាខឆ្នាំថោះ ព.ស ១១៥៤ ត្រូវជាគ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសមួយដាក់ ឈ្មោះ ញូង ព្រោះកូននោះមានសម្បុរខ្មៅស្រអែមស្វាយ ។ នាយ ញូង ពេលធំឡើងបានទៅរៀនសូត្រនៅវត្តភ្នំជាមួយព្រះចៅអធិការ ។ ក្នុងឆ្នាំដែលព្រះមហាក្សត្រតម្រូវឱ្យកេណ្ឌប្រជារាស្ត្រទៅកាប់ឈើ ជញ្ជូនថ្មយកមកសាងសង់ព្រះមរមរាជវាំង និង បាចទឹកសម្អាតស្រះ អូរ ប្រឡាយតូចធំក្នុងព្រះនគរ ។ នាយញូងត្រូវបានចៅហ្វាយខេត្តចាត់ឱ្យធ្វើជាមេរយពួកកំណែនហើយបញ្ជូនទៅបំពេញការងារឯមហានគរ ។នាយត្រូវគេបង្គាប់ទៅកាប់ឈើនិងជញ្ជូនថ្មនៅជើងភ្នំដងរែក និងក្រុមកំណែនខ្លះទៀតក៍ត្រូវគេបញ្ជូនទៅធ្វើការនៅភ្នំគូលែន ។
ថ្ងៃមួយនាយញូងដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្លចម្អិនអាហារសម្រាប់ក្រុមកំណែនឯទៀត ដែលចេញទៅបំពេញការងារ ។ ដាំបាយឆ្អិនកាលណានាយញូងរកអ្វីមកជ្រួយបាយមិនបាននាយក៏យក មែកដើមរកាខ្មៅមកជ្រួយបាយ ។ ភ្លាមនោះបាយសស្គុសក៏ប្រែពណ៌ទៅជាខ្មៅ ។ ដោយក្តីហេវហត់ និង ឃ្លានផងនាយញូងក៏កាយញាត់ៗបាយពណ៌ខ្មៅទាល់តែអស់រលីង ។ បន្ទាប់មកនាយញូងក៍ចាប់ផ្តើមដាំបាយជាថ្មី ទុកឱ្យក្រុមកំណែន ។ តែម្តងនេះពេលនាយរកមែកឈើដើមរកាខ្មៅនោះ មកជ្រួយបាយស្រាប់តែមែកនោះបាត់ស្រមោលរកមិនឃើញមែកដើមរកាខ្មៅ ដែលបាត់ទៅនោះ គេមិនដឹងឡើយថា ជាអាគមទេវតាឬខ្មោច អារក្សយកមកដាក់ហើយលាក់បំបាំងយកទៅវិញ ។ ហើយកន្លែងដែលបាត់ដើមរកាខ្មៅនោះ គេឱ្យឈ្មោះថា បាត់ដំបងរហូតមកដល់សព្វថ្ងៃ ។
ពេលនោះនាយញូងស្រាប់តែមានកម្លាំងខ្លាំងដូចដំរីសារទាំង ៧ ស្រាប់តែមានដំបងគ្រញូងមួយបានលេចចេញមកយ៉ាងអស្ចារ្យ ។ នាយញូងបានយកដំបងនោះមកធ្វើជាអាវុធដំបងឈើគ្រញូងមានប្រវែងប្រាំហត្ថមួយចំអាម ។ នាយញូងចាប់យកដំបងមកគ្រវីវិលញាប់ស្មេរ ដូចកងចក្រហើយនាយក៏អាចហក់លោតបានដល់ទៅកម្ពស់ ១៥ ហត្ថផង ។ មនុស្សម្នាទាំងឡាយដែលបានឃើញឬទ្ធិចេស្តានាយ ញូងខ្លាំងអស្ចារ្យដូច្នេះបាននាំគ្នាដាក់ឈ្មោះឱ្យថា “ដំបងគ្រញូង” ជារៀងរហូតមក ។
ក្រោយដឹងច្បាស់ថាខ្លួនមានកម្លាំងខ្លាំងក្លាពូកែលើសអស់មនុស្សធម្មតាហើយមានឬទ្ធានុភាពនាយ ញូងចាប់ផ្តើមបែកគំនិតចង់សោយរាជ្យធ្វើជាស្តេចដូច ដែលក្រុមជនកំណែនបានស្នើសុំ ។ នាយ ញូង បានស្រែកប្រកាសប្រាប់ពួកកំណែនទាំងអស់ ឱ្យឈប់កាប់ដើមឈើសម្រាប់យកទៅសង់ព្រះរាជវាំងស្តេចហើយឱ្យកាប់ដើមឈើធ្វើជាអាវុធវិញមានដូចជាដំបង ព្រនង់ ផលិតជាកាំបិតដាវ លំពែង ពូថៅ ព្រួញ ធ្នូ ស្នាហើយនាំគ្នាហ្វឹកហាត់ជាកងទ័ពដើម្បីចេញដំណើរទៅព័ទ្ធរាជវាំងវាយប្រហារស្តេចចក្រព័ត្រដណ្តើមរាជ្យ ។ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាដើរតាមដំបងគ្រញូង ។ ដូច្នេះគេអាចរួចពីកំណែនលែងហត់នឿយកាប់ឈើ ជញ្ជូនថ្មបម្រើស្តេចទៀត ។
ដំបងគ្រញូងលើកទ័ព ១០ ម៉ឺននាក់ច្បាំងឡោមព័ទ្ធព្រះមហានគរ ។ ចំណែកព្រះមហាក្សត្រចក្រព័ត្រកំពុងមានជំងឺជាទម្ងន់ បានបែងចែកទ័ពជាពីរផ្នែកឱ្យចេញទៅទប់ទល់ជាមួយដំបងគ្រញូង ។ទ័ពផ្នែកទី១ ត្រូវចេញទៅក្រៅក្រុងវាយប្រយុទ្អប្រឈមមុខផ្ទាល់ជាមួយសត្រូវ ។ ឯទ័ពផ្នែកទី ២ វិញត្រូវនៅប្រចាំការ ការពាររាជធានី ។ ការប្រយុទ្ធគ្នារវាងកងទ័ពទាំងសងខាងធ្វើឱ្យពលទាហានស្លាប់និងរបួសយ៉ាង ច្រើនមីរដេរដាស ។ ទ័ពដំបងគ្រញូងទទួលបានជ័យជម្នះដោយកម្ទេចទ័ពផ្នែកទី ១ របស់ស្តេចហើយសម្រុកចូលព័ទ្ធមហានគរជុំជិត ។ ព្រះមហាក្សត្រនៅសល់តែកងទ័ពការពារទីក្រុងតែប៉ុណ្ណោះ ។ ក្នុងឱកាសនោះដំបងគ្រញូងបានចាត់ពលសេនាត្រៀមចន្លុះនិងជ័រឈើ ។ ពេលយប់កណ្តាលអាធ្រាត្រដំបងគ្រញូងបានបញ្ជាឱ្យកងទ័ពវាយសន្ធាប់ ដាក់ជណ្តើរផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួនហើយចាក់ស្រោចគប់ដុតជ័រឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណក្រុង ។ មិនយូរប៉ុន្មានកងទ័ពព្រៃរបស់ដំបងគ្រញូងវាយកម្ទេចទ្វារមហានគរទទួលបានជោគជ័យហើយក៍សម្រុកវាយលុកកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើកងទ័ពព្រះរាជានិងប្រជាជនស្លូតត្រង់ទាំងក្មេងចាស់ប្រុសស្រី ។
គ្រានោះព្រះមហាក្សត្រចក្រព័ត្រមានជំងឺផងបានដកព្រះខ័នបម្រុងក្រោកឈរឡើងតស៊ូ ក៏ធ្លាក់ពីលើក្រឡាបន្ទំសុគតក្នុងគ្រានោះ ទៅក្នុងព្រះជន្ម ៤៩ វស្សា ព្រះអង្គចក្រព័ត្រសោយរាជ្យបាន ២៩ ឆ្នាំ ។ ចំណែកដំបងគ្រញូងបានឡើងគ្រងរាជ្យជាស្តេចខ្មែរទី ១៧ ដោយដាក់ព្រះនាមថាព្រះបាទគោត្តមអមរទេវរាជ ៕
ដោយ ៖ ដេវីត
ប្រភព៖ ដកស្រង់ចេញពីសៀវភៅ ព្រះធម្មទេសនា របស់ ភិក្ខុ សុខ សុភាព ចៅអធិការវត្តលៀប និង ជាព្រះធម្មធរអនុគណ ស្រុកបាត់ដំបង ខេត្តបាត់ដំបង