ដឹងតែមានអ្នកទៅលេងមណ្ឌលគីរីច្រើន ! ប្រាប់តម្លៃគេង ច្រើនកន្លែង ទេសភាពស្អាតៗបំផុត
មណ្ឌលគីរី គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ព្រោះតែលក្ខណៈពិសេសមានតែមួយគ្មានពីរ គឺអាកាសធាតុដ៏ត្រជាក់គ្រប់រដូវកាល ហើយគ្របដណ្ដប់ដោយទេសភាពដ៏ត្រកាល ។ គ្នាយើងប្រហែលជាពិបាករកកន្លែងគេង និង ចង់ដឹងពីតម្លៃហើយមែនទេ ? អីចឹងសូមដឹងតម្លៃស្នាក់នៅតាមរីសតស្អាតៗជាច្រើន កន្លែងដូចខាងក្រោម ៖
១. ផ្ទះសំណាក់ជនជាតិដើមភាគតិច Indigenous People Lodge
ប្រសិនបើចង់សាកល្បងការស្នាក់នៅផ្ទះជនជាតិដើមភាគតិច សាកល្បងជីវិតរស់នៅបែបព្រៃភ្នំ ជាប្រពៃណីបងប្អូនដើមភាគតិច ផ្ទះសំណាក់ជនជាតិដើមភាគតិច Indigenous People Lodge គឺជាជម្រើសដ៏ល្អបំផុត ។ នៅទីនោះមានផ្ទះស្នាក់នៅមានតាមបែបលក្ខណៈប្រពៃណីផ្ទះគ្រឹង(ផ្ទះកូនកំលោះ និង ផ្ទះកូនក្រមុំ) ផ្ទះពូនង ពិសេសទេសភាពស្រស់ស្អាត ឮសំឡេងសត្វយំ ឮសំឡេងទឹកហូរ និង ត្រជាក់ខ្យល់បរិសុទ្ឋពិតៗ ។ ចំពោះតម្លៃស្នាក់នៅមានចាប់ពី ៧ ដុល្លារ ដុល្លារឡើងទៅក្នុមួយយប់តាមប្រភេទបន្ទប់ ។
Indigenous People Lodge មានទីតាំងស្ថិតក្នុងភូមិចម្ការតែ ស្រុកសែនមនោរម្យ មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីផ្សារមណ្ឌលគិរី ។
២. Greenhouse Retreat
ជារីសតមួយដ៏ស្រស់ស្អាតបំផុតប្រចាំខេត្តមណ្ឌលគីរី ស្ថិតនៅភូមិដោះក្រមុំ ឃុំសុខដុម ក្រុងសែនមនោរម្យ មានចំងាយតែ ២ គីឡូម៉ែត្រប៉ុនណោះពីរង្វង់មូលគោព្រៃ ។
លក្ខណៈពិសេសនៅទីនោះមានដូចជា ផ្ទះបែបបុរាណ បឹងកាឡូ មានសួនផ្កាព័ទ្ធជុំវិញ ស្ថិតនៅចំកណ្ដាលជ្រលងភ្នំដែលទេសចរអាចមើលឃ់ញទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត មានព្រៃឈើបៃតងខ្ចី ស្ងប់ស្ងាត់ល្អ ស័ក្ដិបំផុតសម្រាប់អ្នកចូលចិត្តភាពរ៉ូមែនទិក ។ ចំពោះការស្នាក់នៅមានតម្លៃចាប់ពី ១២ ដុល្លារ ដល់ ៤៥ ដុល្លារទៅតាមប្រភេទផ្ទះ ។
ទេសចរនឹងទទួលបានសេវាពិសេសៗដូចជា ៖ មានជាការជួលកង់ ម៉ូតូ មានឡានជូនភ្ញៀវដើរទស្សនា ជនដើរព្រៃ មើលដំរីស្រុក មើលសត្វព្រៃនៅកែវសីមា ជាដើម ។
៣. Emario Mondulkiri Resort
ជារីសតដ៏ល្បីមួយប្រចាំខេត្តមណ្ឌលគីរីនៅក្នុងក្រុងសែនមនោរម្យតែម្ដង មានចំងាយប្រមាណតែជាង ១ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលគោព្រៃ ។ ស្ថិតនៅលើកំពូលភ្នំគ្របដណ្ដប់ដោយជំនោរដ៏ត្រជាក់ បានធ្វើឱ្យរីសតមួយនេះ ក្លាយជាកន្លែងសម្រាកលម្ហែកាយដ៏ល្អបំផុត សម្រាប់អ្នកដែលកំពុងមានបញ្ហាស្មុគ្រស្មាញក្នុងចិត្ត ។
ការស្នាក់នៅទីនេះមានបែងចែកជា វីឡាឃ្វីន វីឡាឃីង និង បឹងកាឡូ ។ ចំពោះវីឡាឃ្វីន និង វីឡាឃីង តម្លៃក្នុងធម្មតា ៣៨ ដុល្លារក្នុងមួយយប់គេង ២ នាក់ ។ រីឯក្នុងថ្ងៃបុណ្យតម្លៃ ៤៣ ដុល្លារក្នុងមួយយប់ ។ ដោយឡែកបឹងកាឡូអាចស្នាក់នៅជាគ្រួសារចាប់ពី ៦ នាក់ឡើង តម្លៃ ១៣៥ ដុល្លារ ក្នុងថ្ងៃធម្មតា និង ១៨០ ដុល្លារក្នុងមួយយប់ក្នុងថ្ងៃបុណ្យ ។
លក្ខណៈពិសេសនៅទីនេះ គឺមានជាកញ្ចុះធំៗសម្រាប់ភ្ញៀវជួបជុំជប់លៀង អាំងសាច់ ឬ យកអាហារពីខាងក្រៅទៅញ៉ាំដោយមិនគិតថ្លៃឡើយ ។
៤. Nature Lodge
រីសត និង រមណីយដ្ឋានមួយនេះវិញ ក៏ស្ថិតនៅក្រុងសែនមនោរម្យដូចគ្នា ស្ថិតនៅក្នុងភូមិចំការតែ ឃុំស្ពានមានជ័យ វាមានទីតាំងនៅជំរាលភ្នំដ៏ស្រស់ស្អាត រំលេចជាទេសភាពដ៏ស្រស់បំព្រងជាមួយវាលស្មៅក្រាស់ឃ្នឹក ប្រកបដោយអាកាសធាតុដ៏ត្រជាក់ ។
ស្នាក់នៅទីនោះភ្ញៀវអាចសម្រាកលម្ហែកាយជាមួយធម្មជាតិខៀវខ្ចី អាចមើលឃើញទិដ្ឋភាពក្រុងសែនមនោរម្យ មានជាបឹងកាឡូស្នាក់នៅ មានបាតូចៗធ្វើឡើងនៅលើដើមឈើដ៏ប្លែកបំផុត ដែលភ្ញៀវអាចញ៉ាំភេសជ្ជៈ អាហារឆ្ងាញ់បណ្ដែតអារម្មណ៍ ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ ។ ចំពោះតម្លៃវិញចាប់ពី ១០ ដុល្លារឡើងក្នុងមួយយប់ ៕
អត្ថបទ ៖ រាជ